ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន បានរួមគ្នាពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារអ្នកធុរកិច្ចដែលប្រកបដោយសុច្ចរិតភាព និងការពារបរិស្ថាន ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសប្រព័ន្ធអនុគ្រោះពន្ធបន្ថែម (GSP+) ដែលផ្តោតលើការការពារបរិស្ថាន អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបង្ហាញតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ការចុះហត្ថលេខាលើ MoU នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ក្នុងការធានាថា ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាពិសេស កិច្ចសហប្រតិបត្តិការនេះមានគោលដៅឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ រួមទាំងប្រព័ន្ធ GSP+ ដែលតម្រូវឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងលើការការពារបរិស្ថាន អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងទាំងពីរផ្តោតលើការជំរុញឱ្យមានការធ្វើធុរកិច្ចដោយសុច្ចរិតភាព ដោយការពារអ្នកធុរកិច្ចដែលអនុវត្តត្រឹមត្រូវ និងចាត់វិធានការលើក្រុមហ៊ុនដែលល្មើសច្បាប់។ វិធានការនេះមានគោលដៅរួមចំណែកដល់ការកសាងបរិយាកាសធុរកិច្ចប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព។
ក្រសួងបានបញ្ជាក់ថា ការជំរុញឱ្យមានការធ្វើធុរកិច្ចដោយសុច្ចរិតភាព និងការកសាងនូវភាពស្អាត ភាពបៃតងដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន គឺជាយន្តការចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់។
គោលការណ៍នេះស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
អនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរ មានសុពលភាពរយៈពេល៥ឆ្នាំ ដោយមានគោលបំណងការពារធុរកិច្ចស្មោះត្រង់ និងចាត់វិធានការលើក្រុមហ៊ុនល្មើស ដើម្បីឈានឆ្ពោះទៅរកឧស្សាហកម្មស្អាត បៃតង និងចីរភាព។
MoU នេះ មិនត្រឹមតែជាឯកសារសម្រាប់កំណត់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឧបករណ៍គតិយុត្តិ និងយន្តការប្រតិបត្តិការដែលមានប្រសិទ្ធភាព សម្រាប់ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហការរវាងស្ថាប័នរដ្ឋទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ ក៏ជាសក្ខីភាពនៃការរួមដៃគ្នារវាងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការគាំពារបរិស្ថាន និងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ដើម្បីធានាថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាអាចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងមានចីរភាព៕
អត្ថបទ៖ ប៊ី








