ភ្នំពេញ៖ យុទ្ធនាការផលិតផលជាតិ «MadeInCambodia» ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម កំពុងបន្តពង្រីកការចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស ដោយបច្ចុប្បន្នមានទីតាំងចូលរួមជាង ៧០០ទីតាំង។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។
យុទ្ធនាការ «MadeInCambodia» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកការដាក់លក់ផលិតផលជាតិនៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដើម្បីបង្ហាញពីភាពសម្បូរបែប និងគុណភាពនៃផលិតផលដែលផលិតនៅកម្ពុជា។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងរយៈពេលមួយសប្តាហ៍ក្នុងមួយខែ ពេញមួយឆ្នាំ ដោយផ្តោតលើការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីផលិតផលជាតិ ព្រមទាំងបង្កើតឱកាសទីផ្សារសម្រាប់ផលិតករ និងសហគ្រាសក្នុងស្រុក។
យុទ្ធនាការ «MadeInCambodia» ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការ ដើម្បីបង្ហាញការគាំទ្រដល់ផលិតផល កសិករ និងផលិតករខ្មែរ ព្រមទាំងបង្ហាញស្មារតីស្រឡាញ់ជាតិ។
លោកជំទាវ ចម និម្មល បានបញ្ជាក់ថា គោលបំណងសំខាន់នៃយុទ្ធនាការពេញមួយឆ្នាំនេះ គឺបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព និងស្តង់ដារផលិតផលក្នុងស្រុក ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាផ្សារទំនើប។
យុទ្ធនាការនេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ដល់ប្រជាពលរដ្ឋ អតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈការបង្កើនការយល់ដឹងអំពីតម្លៃ គុណភាព និងអនុលោមភាពរបស់ផលិតផលជាតិ។
លើសពីនេះ យុទ្ធនាការនេះមានគោលបំណងផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ព្រមទាំងសិក្សាអំពីតម្រូវការទីផ្សារ ស្តង់ដារ និងនីតិវិធីនានា ដើម្បីពង្រឹងគុណភាពផលិតផល និងបង្កើនឱកាសដាក់លក់នៅតាមបណ្តាញពាណិជ្ជកម្មទំនើប។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ ដោយចាត់ទុកអ្នកប្រើប្រាស់ជាកម្លាំងសំខាន់ក្នុងការជំរុញទីផ្សារផលិតផលក្នុងស្រុក និងពង្រីក «ការនាំចេញផលិតផលជាតិនៅនឹងកន្លែង»។
លោកជំទាវបានថ្លែងថា៖ «យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង»៕
អត្ថបទ៖ ប៊ី








