កម្ពុជា​-​ឡាវ ​ជំរុញ​ការ​តភ្ជាប់​ទេសចរណ៍​ ​និង​អនុវត្ត​ ​«​ប្រទេស​បី ​គោលដៅ​មួយ​»

​ភ្នំពេញ​៖​ ​កម្ពុជា​ ​និង​ឡាវ ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ ​ជាពិសេស​ការ​ជំរុញ​ការ​តភ្ជាប់​ទេសចរណ៍​តាម​ព្រំដែន​ ​និង​ការ​អនុវត្ត​យុទ្ធនាការ​ «​ប្រទេស​បី ​គោលដៅ​មួយ​» ​រវាង​កម្ពុជា​ ឡាវ ​និង​វៀតណាម ​ដើម្បី​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី​។

​ការ​ប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​កាលពី​ថ្ងៃទី​៧​ ​ខែសីហា ​ឆ្នាំ​២០២៦​ រវាង​ឯកឧត្តម​ ហួត​ ​ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ឯកឧត្តម​ ​Sonexay​ ​Vannaxay​ ​ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សហការី​ជាន់​ខ្ពស់​ ​នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​ ​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ហួត​ ​ហាក់ ​បាន​ស្វាគមន៍​ និង​អបអរសាទរ​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ ​ចំពោះ​ការ​តែងតាំង​ជា​ឯក​អគ្គ​រដ្ឋទូត​ថ្មី​ ​ព្រមទាំង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ ​និង​ប្រជាជន​ឡាវ ​ដែល​តែងតែ​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ​សេដ្ឋកិច្ច​ ​និង​សង្គម​ ក្រោម​ស្មារតី​សាមគ្គីភាព​ ​និង​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​យូរអង្វែង​រយៈពេល​ ​៧០​ឆ្នាំ​ ​គិត​មកដល់​ឆ្នាំ​២០២៦​។

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា​ ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​ ​និង​ឡាវ ​បាន​ពង្រឹង​ និង​ពង្រីក​លើ​វិស័យ​ជាច្រើន​ ​រួមទាំង​វិស័យ​ទេសចរណ៍​ ​និង​បាន​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញទៅមក​ ស្រប​តាម​ស្មារតី​ «​ភាព​ជាដៃគូ ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ​និង​យូរអង្វែង​រវាង​កម្ពុជា​ ​និង​ឡាវ​» ​ដើម្បី​ការ​អភិវឌ្ឍ​ ​និង​វិបុលភាព​នៃ​ប្រជាជាតិ​ ​និង​ប្រជាជន​ទាំង​ពីរ​។

​ឯកឧត្តម​ ហួត​ ​ហាក់ ​ក៏​បាន​គូសបញ្ជាក់​អំពី​ស្ថានភាព​នយោបាយ​ ​សេដ្ឋកិច្ច​ ​សង្គម​ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ ​ដោយ​បញ្ជាក់​ថា​ ​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សន្តិភាព​ ស្ថិរភាព​ ​សុវត្ថិភាព​ ​និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​។

​ជាមួយគ្នា​នេះ​ រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​យុទ្ធនាការ​ «​កម្ពុជា​៖​ ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ ​ផ្តល់​នូវ​ភាព​កក់ក្តៅ​» ​និង​ «​ទស្សនា​កម្ពុជា​ ​នា​រដូវកាល​បៃតង​» ​ព្រមទាំង​យុទ្ធនាការ​ «​ប្រទេស​បី ​គោលដៅ​មួយ​» ​ដែល​ត្រូវបាន​ឯកភាព​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ ឡាវ ​និង​វៀតណាម​។

​ជា​ការ​ឆ្លើយតប ​ឯកឧត្តម​ ​Sonexay​ ​Vannaxay​ ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​អាណត្តិ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​ តេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​ ​និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​។

​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ក៏​បាន​សម្តែង​ការ​ចាប់អារម្មណ៍​ចំពោះ​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែប​របស់​កម្ពុជា​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​តភ្ជាប់គោលដៅ​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​។ ​លោក​បាន​លើកឡើង​ថា​ ​ភ្ញៀវ​ទេសចរ​ឡាវ​អាច​ធ្វើដំណើរ​ពី​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ ​ទៅដល់​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​តាម​រថយន្ត​ ​ដោយ​ចំណាយ​ពេល​ធ្វើដំណើរ​តែ​មួយ​ថ្ងៃ​។

​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ក៏​បាន​ស្នើ​ឱ្យ​ពិនិត្យ​លទ្ធភាព​សម្រួល​ការ​ធ្វើដំណើរ​របស់​ប្រជាជន​នៅ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ​ដើម្បី​អាច​ធ្វើដំណើរ​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប ​ឬ​ទៅ​ទស្សនា​ខេត្ត​ចំប៉ាសាក់ ​តាម​រថយន្ត​គ្រួសារ​។

​ជា​កិច្ច​បញ្ចប់​ ​ឯកឧត្តម​ ហួត​ ​ហាក់ ​បាន​ស្នើសុំ​កិច្ចសហការ​ពី​ស្ថានទូត​ឡាវ​ ក្នុង​ការ​បន្ត​គាំទ្រ​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ ​និង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា​ ​ព្រមទាំង​ជំរុញ​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ «​Plus​-​One​» ​និង​ការ​អនុវត្ត​យុទ្ធនាការ​ «​ប្រទេស​បី ​គោលដៅ​មួយ​» ​(​Three​ ​Countries​, ​One​ ​Destination​) ​រវាង​កម្ពុជា​ ឡាវ ​និង​វៀតណាម​ ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលដៅ​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ ​ពង្រឹង​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ឱ្យ​កាន់តែ​រឹងមាំ​។ ​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ ​ជួយ​សម្របសម្រួល​អញ្ជើញ​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​និង​ទេសចរណ៍​ឡាវ ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ ក្រុម​ធុរកិច្ច​ ​ក្រុម​វិនិយោគ ​ភ្នាក់ងារ​ទេសចរណ៍​ ​និង​វិស័យ​ឯកជន​ឡាវ​ មក​ចូលរួម​ក្នុង​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី​៧០​ ​នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា​-​ឡាវ​។

​កម្មវិធី​នេះ​គ្រោង​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​នា​ដើម​ខែកញ្ញា​ខាងមុខ​ ​នៅ​ខេត្ត​ស្ទឹងត្រែង​។

​ឆ្នាំ​២០២៦​នេះ​ ​គឺជា​ខួប​លើក​ទី​៧០​ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​ផ្លូវការ​រវាង​កម្ពុជា​ ​និង​ឡាវ​។ ​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​លើក​ទី​៧០​ ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​៦​ ​ដល់​ថ្ងៃទី​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​នៅ​ខេត្ត​ស្ទឹងត្រែង​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times