ក្រុមហ៊ុនចិន គ្រោង​បោះទុន ១ ពាន់លានដុល្លារ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តតាកែវ

ក្រុមហ៊ុនចិន Aozhan Industrial Co., Ltd. គ្រោង​បោះទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រខេត្តតាកែវ។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង បានសរសេរលើបណ្តាញសង្គម ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រតិភូរដ្ឋបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ៣៥ ដឹកនាំដោយលោក HUANG CHENG AN ប្រធានសមាគមសហគ្រាសខ្នាតមធ្យម និងជាអគ្គនាយកក្រុមហ៊ុន Aozhan Industrial Co., Ltd. គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោមទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារ។

ឯកឧត្តម បានឱ្យដឹងទៀតថា ក្រុមហ៊ុន Aozhan Industrial Co., Ltd. ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០៥ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហាំងចូវ (Hangzhou) ខេត្តជឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម ការលក់ និងសេវាកម្មនៅក្នុងសហគ្រាសបច្ចេកវិទ្យាកំរិតខ្ពស់លំដាក់អន្តរជាតិ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីថ្មីៗនេះថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន។

ឯកឧត្តម បានបន្តថា ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម បន្តថា នេះក៏ជាការបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ៕

តាមដានជាមួយយើង៖ Million Times