ជប៉ុន​ ​ផ្ដល់​ហិរញ្ញប្បទាន​ ​៣.៥​ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​របស់​កម្ពុជា​

​គិត​ត្រឹម​ខែមិថុនា ​ឆ្នាំ​ ​២០២៦​ ​នេះ​ ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ប្រមាណ​ ​៣.៥១​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​របស់​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នៅ​ថ្ងៃទី​១៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​នា​ព្រឹក​ថ្ងៃទី​ ​១៥​ ​ខែ ​កក្កដា ​ឆ្នាំ​ ​២០២៦, ​នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ទទួល​ជួប​សម្តែង​ការ​គួរសម ​ជាមួយ​ ​ឯកឧត្តម​ ​UENO​ ​Atsushi​ ​ក្នុង​ឱកាស​ដែល​ ​ឯកឧត្តម​បញ្ចប់​អាណត្តិ​ដ៏​ឧត្តុង្គឧត្តម​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ជម្រាប​លា ​។​

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​, ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុនីរ័ត្ន ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​តែងតែ​គាំទ្រ​ និង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​កសាងឡើងវិញ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា​ ​រួមចំណែក​ដល់​សកម្មភាព​អភិវឌ្ឍន៍​ដល់​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​កាល​នេះ​ ​។

​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​បាន​ថ្លែង​ថា​ ​ជប៉ុន​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ ​(​Official​ ​Development​ ​Assistance​ ​-​ ​ODA​) ​ដោយ​ផ្តោត​អាទិភាព​ក្នុង​ការ​ផ្តល់​ឥណទាន​សម្បទាន​ ​ស្រប​តាម​យុទ្ធសាស្ត្រ​, ​ផែនការ​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​កម្មវិធី​អភិវឌ្ឍន៍​អាទិភាព​នានា​របស់​កម្ពុជា​។​

​ជាក់ស្តែង​, ​តាមរយៈ​ទីភ្នាក់ងារ​ ​JICA​ ​ដែល​ជា​ភ្នាក់ងារ​អនុវត្ត​, ​គិត​ដល់​ត្រឹម​ខែមិថុនា ​ឆ្នាំ​ ​២០២៦​ ​នេះ​, ​មាន​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ពី​ជប៉ុន​ចំនួន​ ​៣៩​ ​សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​/​កម្មវិធី​ចំនួន​ ​២៥​ ​មាន​ទឹកប្រាក់​ សរុប​ចំនួន​ ​៤២២​ ​១៧៩​ ​លាន​យ៉េន​ជប៉ុន​ ត្រូវ​ជា​ប្រមាណ​ ​៣​ ​៥១៥​ ​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ ​គម្រោង​/​កម្មវិធី​កំពុង​ដំណើរការ​សរុប​ចំនួន​ ​១២​ ​និង​គម្រោង​/​កម្មវិធី​បាន​បញ្ចប់​សរុប​ចំនួន​ ​១៣​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​, ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ ​ឯកឧត្តម​ ​UENO​ ​Atsushi​ ​ផ្ទាល់​ ​ដែល​ឯកឧត្តម​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ​និង​សម្រេច​បាន​ស្នាដៃ​ដ៏​ធំ​នៅក្នុង​ការ​បំពេញភារកិច្ច​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ ​UENO​ ​Atsushi​ ​ចាប់ពី​ឆ្នាំ​ ​២០២៣​ ​ដល់​ដំណាច់​ឆ្នាំ​ ​២០២៦​ ​នេះ​។​ ក្នុង​នោះ​, ​កម្ពុជា​ទទួលបាន​ហិរញ្ញប្បទាន​សរុប​ចំនួន​ ​២៦​ ​គម្រោង​/​កម្មវិធី​ ​ដែល​មាន​ឥណទាន​សម្បទាន​សរុប​ចំនួន​ ​១៤​ ​គម្រោង​/​កម្មវិធី​ ​និង​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​ ​១២​ ​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​១​ ​៦៥២​ ​លាន​ដុល្លារ ​អាម៉េរិក​។

​សម្រាប់​ឆ្នាំ​ ​២០២៦, ​ឥណទាន​សម្បទាន​សរុប​ចំនួន​ ​៦​ ​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​៧០០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ​៣​ ​គម្រោង​/​កម្មវិធី​ ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ​១១​ ​លាន​ដុល្លារ​អាម៉េរិក​។ ​ជាមួយគ្នា​នេះ​, ​រដ្ឋាភិបាល​ជប៉ុន​ ​ក៏​បាន​សម្រេច​ផ្តល់​កញ្ចប់​ឥណទាន​សម្បទាន​ថ្មី​ ​ចំនួន​ ​១​ កម្មវិធី​ បន្ថែម​ទៀត​ ​មាន​ទឹកប្រាក់​ចំនួន​ ​១៨៨​ ​លាន​ដុល្លារ​អាម៉េរិក ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​ផងដែរ​។​

ក្រៅពី​ឥណទាន​សម្បទាន​ដែល​ទទួលបាន​ពី​ភាគី​មិត្ត​ជប៉ុន​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​, ​កម្ពុជា​ ​ក៏​ ​នៅ​មាន​តម្រូវការ​ ​និង​រៀនសូត្រ​បន្ថែម​ទៀត​ពី​មិត្ត​ជប៉ុន​ ​លើ​គ្រប់​វិស័យ​ ​ដូចជា​ ​ការ​វិនិយោគ​ ​និង​ការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​, ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​, ​សេដ្ឋកិច្ច​បៃតង​,​ កសិកម្ម​, ​ឧស្សាហកម្ម​, ​ទេសចរណ៍​, ​ការ​អភិវឌ្ឍ​វិស័យ​ភស្តុភារកម្ម ​(​Logistics​)​, ​សេដ្ឋកិច្ច​ឌីជីថល​, ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ​ពិសេស​ផ្នែក​ជំនាញ​ទន់ ​(​Soft​ ​Skills​) ​ជាដើម​។

​ជា​ទីបញ្ចប់​, ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​ជូន​ពរ ​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ ទទួលបាន​នូវ​ជោគជ័យ​បន្ត​ទៀត​សម្រាប់​ការ​បំពេញភារកិច្ច​ថ្មី​របស់​ឯកឧត្តម​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times