ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា កើនឡើងរហូតដល់ ២៩ ភាគរយ

ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ បរិមាណ​ទំនិញ​តាម​ផ្លូវ​អាកាស​របស់​កម្ពុជា​ ​កើនឡើង​រហូតដល់​ ​២៩​ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​ ​ខណៈ​ចំនួន​អ្នកដំណើរ​មាន​ការ​ថយចុះ​ ​៧​ ​ភាគរយ​។ ​នេះ​បើង​តាម​ប្រភព​ទិន្នន័យ​ពី​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​(​រ.​ល.​អ.​ស) ​ផ្អែក​លើ​ទិន្នន័យ​ផ្លូវការ​ពី​អាកាសយានដ្ឋាន​ ​KTI​, ​SAI​ ​និង​ ​KOS​។ ​

​របាយការណ៍​ ​បាន​ឱ្យដឹង​ថា​ ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​នេះ​ បរិមាណ​ទំនិញ​តាម​ផ្លូវ​អាកាស​សរុប​បាន​ ​៤៧​ ​៦២៧​ ​តោន​កើនឡើង​រហូតដល់​ ​២៩​ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​។​

​ការ​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​បែប​នេះ​ ក្នុង​ខណៈពេល​ដែល​ជើងហោះហើរ​សរុប​មាន​កម្រិត​ថេរ ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​កម្ពុជា​កំពុង​ទាក់ទាញ​ជើងហោះហើរ​ដឹក​ទំនិញ​តាម​ផ្លូវ​អាកាស​ (​Dedicated​ ​Freighters​) ​ច្រើន​ជាង​មុន​ ​ឬ​ការ​ប្រើប្រាស់​ទំហំ​ផ្ទុក​ទំនិញ​ក្រោម​ពោះ​យន្តហោះ​ ​(​Belly​-​hold​ ​Capacity​) ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ឆ្លុះបញ្ចាំង​ពី​ការ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​រីកចម្រើន​នៃ​វិស័យ​ ​e​-​commerce​ ​នៅក្នុង​ប្រទេស​។

​ទោះជា​យ៉ាង​នេះ​ក្តី​ ​ក៏​ចរាចរណ៍​អ្នកដំណើរ​សរុប​បាន​ថយចុះ​ ​៧​ ​ភាគរយ​ មក​ត្រឹម​ ​៣,២៦៩,២៩៧​ ​នាក់​។ ​ការ​ធ្លាក់ចុះ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ឥទ្ធិពល​នៃ​រដូវកាល​បៃតង​ ​(​Low​-​Season​) ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​។​

​ទោះបីជា​ចំនួន​អ្នកដំណើរ​ថយចុះ​ក៏ដោយ​ ​ចំនួន​ជើងហោះហើរ​ចេញ​-​ចូល​សរុប​នៅតែ​រក្សា​បាន​នូវ​ស្ថិរភាព​ទាំងស្រុង​ ​ជាមួយនឹង​ចំនួន​ ​៣២,៣០៦​ ​ជើង​ ​ដែល​បង្ហាញ​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅតែ​បន្ត​រក្សា​ជើងហោះហើរ​ដដែល​ដើម្បី​រក្សា​ពេលវេលា​ហោះហើរ​-​ចុះចត ​(​Slots​) ​ក៏ប៉ុន្តែ​ចំនួន​កៅអី​ដែល​មាន​អ្នក​ជិះ​មាន​ការ​ថយចុះ​។

​និន្នាការ​នេះ​ទាមទារ​ឱ្យ​មាន​ការ​កែលម្អ​ការ​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​រួមគ្នា​រវាង​តួរ​អង្គ​ពាក់ព័ន្ធ​ ​(​អាកាសចរណ៍​ស៊ីវិល ​ទេសចរណ៍​ ​និង​ប្រតិបត្តិករ​អាកាសយានដ្ឋាន​) ​ជាក់លាក់​ឡើងវិញ​ ​ដើម្បី​ទាក់ទាញ​ប្រភព​ទីផ្សារ​អ្នកដំណើរ​ថ្មី​ៗ​ត្រឡប់​មកវិញ​។

​អាកាសចរណ៍​ស៊ីវិល ​បាន​ឱ្យដឹង​ថា​ ​ចំនួន​ជើងហោះហើរ​រំលង​ដែន​អាកាស​ (​Overflights​) ​ក៏​បន្ត​កើនឡើង​ ​៤​%​។

​បើ​តាម​អាកាសចរណ៍​ស៊ីវិល ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​(​KTI​) ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ស្នូល​ដ៏​សំខាន់​ ​ដោយ​គ្រប់គ្រង​ជាង​ ​៧០​% ​នៃ​ជើងហោះហើរ​សរុប​ក្នុង​បណ្តាញ​អាកាសចរណ៍​ជាតិ​។ ​ចំណែកឯ​តំបន់​ទេសចរណ៍​វប្បធម៌​សៀមរាប​អង្គរ ​(​SAI​) ​ទទួលបាន​ ​២៤​% ​និង​តំបន់​ឆ្នេរ​ព្រះសីហនុ ​(​KOS​) ​ទទួលបាន​ត្រឹមតែ​ ​៥.៣​% ​ប៉ុណ្ណោះ​។​

បច្ចុប្បន្ន ​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ​៣៣​ ​ក្រុមហ៊ុន​ ​ក្នុង​នោះ​ក្រុមហ៊ុន​ជាតិ​ចំនួន​ ​០៤​ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​ ​២៩​ ​កំពុង​ដំណើរការ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times