ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបន្តចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគនៅ ខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ដែលមានតម្លៃ ២៥ លានដុល្លារ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី។
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក.ស.ហ.វ. និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ ក.វ.ឦសាន ដើម្បីប្រជុំពិនិត្យ ពិភាក្សា និង ចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោង វិនិយោគនៅខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី មានដូចតទៅ៖
ទី១.គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ របស់ក្រុមហ៊ុនព្រះវិស្ណុអ៊ីមផិច មានទីតាំងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណជាង ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០ កន្លែង។
ទី២.គម្រោងដាំដំណាំឈើហូបផ្លែ និង រោងចក្រកែច្នៃ របស់ក្រុមហ៊ុនផលិតម្សៅដំឡូងមីចំកាត់ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាម៉េរិក និងបង្កើតការងារសរុបប្រមាណ ៥០០ កន្លែង ។
ទី៣.គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់ក្រុមហ៊ុន សប្លេនឌីធហ្វ័រ ឈួនហ្វូដប្រដាក់ មានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០០ កន្លែង។
ទី៤.គម្រោងកសិ-ឧស្សាហកម្ម ដាំដុះចេកអំបូងលឿង កែច្នៃវេចខ្ចប់ (កែច្នៃគ្រាប់ស្វាយចន្ទី ស្វាយ ម្នាស់ ទុរេន ចេក ខ្នុរ) របស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ១០ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥៥៣ កន្លែង។
ជារួម, ក្រុមការងារបានចុះដល់ទីតាំងគម្រោងវិនិយោគផ្ទាល់ និងបានឈ្វែងយល់ពីសក្កានុពល, ផែនការវិនិយោគ, ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្ម និង កិច្ចដំណើរការរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន បានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមានក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានថ្លែងនាពេលកន្លងមកថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។
គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ប៊ី








