ក្រុមហ៊ុន Toyota ពង្រីកខ្សែច្រវាក់ផលិតកម្មសម្រាប់ដំណើការផ្គុំដំឡើងរថយន្ត និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo ដែលជាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យយានយន្តដែលកំពុងរីកចម្រើននៅកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Harada Shigeru នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន Toyota Tsusho Corporation បានលើកឡើងថា ក្រុមហ៊ុនកាន់តែមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការវិនិយោគនៅកម្ពុជា ដោយបានពង្រីកប្រតិបត្តិការជាបន្តបន្ទាប់ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

លោក Harada Shigeru បានលើកឡើងថា៖ “ចាប់តាំងពីយើងបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ ក្រុមហ៊ុន តូយូតា បានបន្តរីកចម្រើនជាលំដាប់ ដោយឈរលើមូលដ្ឋាននៃទំនុកចិត្តរឹងមាំដ៏យូរអង្វែង។ ចាប់ផ្តើមពីការលក់រថយន្ត យើងបានពង្រីកអាជីវកម្មទៅកាន់សេវាកម្មថែទាំ និងជួសជុល និងឧស្សាហកម្មពាក់ព័ន្ធ ហើយបច្ចុប្បន្ន យើងបានឈានមួយជំហានទៀតទៅកាន់ការផ្គុំ និងដំឡើងក្នុងស្រុក។ សម្រាប់ក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស គឺជាស្នូលនៃអាជីវកម្មរបស់យើង។”

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យយានយន្ត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ​ វិស័យយានយន្ត ឆ្នាំ២០២៤–២០៣០ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានលើកឡើងថា៖ សមិទ្ធផលនេះមិនត្រឹមតែជាការសម្ពោធរថយន្តម៉ូដែលថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែង និងទំនុកចិត្តរបស់ក្រុមហ៊ុន តូយូតា លើស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងទិសដៅអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។”

បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តកំពុងដំណើរការចំនួន ៨ ទីតាំង ដែលមានសមត្ថ​ភាព​ផលិតសរុបប្រមាណ ៣៨.០០០ គ្រឿងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ រោងចក្រផ្គុំ និងដំឡើងរថយន្តមួយចំនួនទៀតកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងត្រៀមដំណើរការ។

ចាប់តាំងពីការសម្ពោធរោងចក្រក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានផ្គុំ និងដំឡើងរថយន្ត ២ ម៉ូដែល គឺ Toyota Fortuner និង Toyota Hilux សរុបចំនួន ៦.២៥០ គ្រឿង។ ក្នុងរយៈពេលនេះ ក្រុមហ៊ុនបានពង្រីកសមត្ថភាពផ្គុំ និងដំឡើងរថយន្តជាង ១០ដង គឺពីចំនួន ៤០ គ្រឿងក្នុងមួយខែ នៅក្នុងឆ្នាំ២០២៤ ដល់ប្រមាណ ៤០០ គ្រឿងក្នុងមួយខែ នៅចុងឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុន តូយូតា ដែលបានបង្កើនការប្រើប្រាស់គ្រឿងផ្គុំ និងបំណែករថយន្តផលិតក្នុងស្រុកដល់ទៅប្រមាណ ២០% ដោយចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងឧស្សាហកម្មគាំទ្រ និងបង្កើនតម្លៃបន្ថែមក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីកការទិញគ្រឿងផ្គុំ និងបំណែករថយន្តពីសហគ្រាសកម្ពុជាដែលមានសមត្ថភាព ដោយបញ្ជាក់ថា ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក មិនត្រឹមតែបង្កើត​ការងារ ជំរុញការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពធន់របស់អាជីវកម្ម ខណៈដែលខ្សែច្រវាក់ផ្គត់ផ្គង់សកល និងតំបន់នៅកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ។

ឯកឧត្តមបានបន្ថែមថា៖ “គោលដៅរបស់យើងមិនមែនត្រឹមតែមានរោងចក្រផលិតរថយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងចង់កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មយានយន្តពេញលេញមួយ ដែលអ្នកវិនិយោគ សហគ្រាសក្នុងស្រុក គ្រឹះស្ថានបណ្តុះបណ្តាល និងកម្លាំងពលកម្មជំនាញ អាចរីកចម្រើនជាមួយគ្នា។”

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times