ក្រោយពីមង្គលការលើកទី១របស់ CEO បន្តវេនក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និងភរិយា ស៊ុន ស៊ីមុនី ដែលជាកូនស្រីរបស់របស់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក ស៊ុន ចាន់ថុល លើទឹកដីអឺរ៉ុបកាលពីជាង ១ខែមុនកន្លងមក ថ្មីៗនេះលោកបានដឹកដៃភរិយាយកចំណងដៃជាង ១០ ម៉ឺនដុល្លារ ទៅបរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា។

កាលពីថ្ងៃ ២៤ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅលោក អ៊ឹង វីរៈ និងភរិយាមានឱកាសបាននាំយកចំណងដៃអាពាហ៍ពិពាហ៍អ្នកទាំង២ ចំនួន ១៦០ ៨៨៨ ដុល្លារ បរិច្ចាគជូនដល់អង្គការមូលនិធិកុមារកម្ពុជា។
សម្រាប់ថវិកានៃមូលនិធិនេះទទួលបានពីទឹកចិត្តសប្បុរស និងការគាំទ្រយ៉ាងកក់ក្ដៅពីក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិទាំងអស់ ដែលបានចូលរួមអបអរសាទរពិធីមង្គលការអ្នកទាំង២ កាលពីខែឧសភា ឆ្នាំ ២០២៦ នៅអឺរ៉ុប។

ការចូលរួមចំណែករបស់លោក អ៊ឹង វីរៈ និងអ្នកនាង ស៊ុន ស៊ីមុនី បានចូលរួមចំណែកគាំទ្របេសកកម្មរបស់ អង្គការមូលនិធិកុមារកម្ពុជា ក្នុងការលើកស្ទួយផ្នែកអប់រំ សេវាថែទាំសុខភាព និងការអភិវឌ្ឍសហគមន៍ សម្រាប់កុមារ និងគ្រួសារនៅតំបន់ស្ទឹងមានជ័យ ជាពិសេសតាមរយៈ The Rice Academy និង CCF Medical Clinic។
លោក អ៊ឹង វីរៈ បានបន្ថែមទៀតថា ក្នុងការចាប់ផ្ដើមដំណើរជីវិតថ្មីជាគូស្វាមីភរិយា អ្នកទាំង ២ ជឿជាក់ថា ការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ នឹងអាចបន្សល់ទុកផលវិជ្ជមានដល់សង្គម ហើយគូស្វាមីភរិយាទាំងគូនេះ សង្ឃឹមថា ការរួមចំណែកនេះ នឹងជួយបង្កើតឱកាសថ្មីៗ លើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ និងកសាងក្ដីសង្ឃឹមដ៏រឹងមាំសម្រាប់អនាគតរបស់កម្ពុជា។
ជាចុងក្រោយ អ៊ឹង វីរៈ និង ស៊ុន ស៊ីមុនី អរគុណអ្នកគ្រប់គ្នាដែលបានប្រែក្លាយថ្ងៃដ៏ពិសេសរបស់ពួកគេ ទៅជាការផ្តល់ក្តីសង្ឃឹម និងការវិនិយោគដ៏មានអត្ថន័យ សម្រាប់អនាគតរបស់កុមារកម្ពុជា៕






អត្ថបទ៖ ឆដា, រូបភាព៖ Vireak Eung




