ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន ៣២។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម ដើម្បីទទួលបានផលចំណេញរួមគ្នា ដោយឈរលើគោលការណ៍ស្មោះត្រង់ បង្កើនទំនុកចិត្ត អភិបាលកិច្ចល្អ និងការជឿជាក់គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ការបង្កើតសហភាពសហគមន៍កសិកម្មទំនើបកម្ពុជា ត្រូវបានរំពឹងថា នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការប្រមូលផ្តុំកសិករឱ្យមានភាពរួបរួម បង្កើនសមត្ថភាពផលិតកម្ម លើកកម្ពស់គុណភាពផលិតផលកសិកម្ម និងពង្រីកឱកាសទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
តាមរយៈការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមយ៉ាងសកម្មពីសំណាក់កសិករ សហភាពនេះត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់កិត្យានុភាពវិស័យកសិកម្មកម្ពុជានៅលើឆាកអន្តរជាតិ។ នេះជាជំហានដ៏មានសារៈសំខាន់មួយទៀត ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ប៊ី







