លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប បានប្តេជ្ញាចិត្តចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ការប្ដេជ្ញាចិត្តបែបនេះ គឺបន្ទាប់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកជំទាវឧកញ៉ា ជួប មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការស្នើសុំចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមេសា។

នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវឧកញ៉ា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ចំណែកឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានស្វាគមន៍ និងគាំទ្រនូវប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងសកលលោក។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហសម្រាប់ការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងទាក់ទាញលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍



