អ្នកវិនិយោគកូរ៉េ និងអ្នកសារព័ត៌មានមួយក្រុម នឹងមកកម្ពុជានាពាក់កណ្ដាលខែកុម្ភៈនេះ

អ្នកវិនិយោគជនជាតិកូរ៉េខាងត្បូង រួមជាមួយអ្នកសារព័ត៌មានផង នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នាពាក់កណ្ដាលខែកុម្ភៈនេះ ដែលដឹកនាំដោយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC ដើម្បីបង្ហាញឱ្យពួកគេឃើញថា ប្រទេសកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ។ នេះបើតាមការឱ្យដឹងពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

តាមដានជាមួយយើង៖ Million Times

ស្ថានទូត បានឱ្យដឹងថា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រឡប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។

ចំណែកលោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េ នៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

លោក PARK ក៏បានលើកឡើងអំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល ២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារព័ត៌មានកូរ៉េផង ដើម្បីបង្ហាញឱ្យពួកគេឃើញថា ប្រទេសកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េ អាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ។

ឯកឧត្តម ឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលវាស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូត ដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េ ផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕​

អត្ថបទ៖ វីរៈ រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ