ជើងហោះហើរត្រង់ដំបូងលេខ ZA687 រវាងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ជាមួយទីក្រុង Xiamen ខេត្ត Fujian របស់ប្រទេសចិន ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ការសម្ពោធជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ ជាមួយទីក្រុង Xiamenនេះ គឺជាការតភ្ជាប់ស្ពានមិត្តភាព និងពាណិជ្ជកម្ម ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហើយជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។

មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការតភ្ជាប់ផ្លូវអាកាសនេះ មិនត្រឹមតែជាការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែគឺជាច្រករបៀងសេដ្ឋកិច្ច ទាក់ទាញអ្នកវិនិយោគពីទីក្រុង Xiamen ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេរបស់ចិន មកកាន់ខេត្តព្រះសីហនុ។

ម្យ៉ាងទៀត ក៏ជាការជំរុញវិស័យទេសចរណ៍ ដោយបើកផ្លូវឱ្យទេសចរចិនចូលមកទស្សនាតំបន់ឆ្នេរដ៏ស្រស់ស្អាត និងកោះនានារបស់កម្ពុជាកាន់តែងាយស្រួល ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃទីក្រុងទាំងពីរ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការបើកជើងហោះហើរថ្មីនេះ គឺជាសក្ខីភាពមួយបង្ហាញថា ខេត្តព្រះសីហនុនៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដ៏មានសក្តានុពលបំផុត និងមានសុវត្ថិភាពសម្រាប់ភ្ញៀវអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈជើងហោះ ហើរនេះ នឹងជួយជំរុញឱ្យសកម្មភាពអាជីវកម្មក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពរស់រវើកឡើងវិញ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ម៉ាង ស៊ីណេត


