ខេត្តព្រះសីហនុជំរុញសក្តានុពលទេសចរណ៍ និងធុរកិច្ច ឆ្ពោះទៅជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា

ព្រះសីហនុ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងពង្រឹងសក្តានុពលទេសចរណ៍ និងធុរកិច្ចរបស់ខេត្ត ឆ្ពោះទៅជាគោលដៅទេសចរណ៍ និងធុរកិច្ចកម្រិតអន្តរជាតិ និងជាមជ្ឈមណ្ឌលទីក្រុងធំទី ២ របស់កម្ពុជា។

ផែនការនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកផលិតមាតិកា សរុបប្រមាណ ២៥០នាក់។

ក្រសួងទេសចរណ៍បានចាត់ទុកផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០២៦-២០៣០ ជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពសម្រាប់កៀរគរតួអង្គពាក់ព័ន្ធចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានគុណភាព និងភាពទាក់ទាញ។

តាមផែនការនេះ ព្រះសីហនុមានចក្ខុវិស័យក្លាយជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តកម្រិតអន្តរជាតិ ប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្តទៅជាមជ្ឈមណ្ឌលទីក្រុងធំទី២របស់កម្ពុជា ដែលគាំទ្រដល់វិបុលភាពសេដ្ឋកិច្ច ការច្នៃប្រឌិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលដែលខេត្តព្រះសីហនុសម្រេចបានទាំងនៅកម្រិតជាតិ និងអាស៊ាន ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពទីក្រុង ដែលបានកែលម្អជាបន្តបន្ទាប់។

ក្នុងនោះ ការរៀបចំទីតាំងកម្សាន្ត និងសំណង់និមិត្តរូប ដូចជា រូបសំណាក «ព្រះថោងតោងស្បៃនាងនាគ» «ខ្មែរធ្វើបាន» និង «នាគបាញ់ទឹក» ត្រូវបានចាត់ទុកថា បានចូលរួមបង្កើនភាពទាក់ទាញរបស់ខេត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រះសីហនុមានសក្តានុពលទេសចរណ៍ធម្មជាតិចម្រុះ រួមមានឆ្នេរសមុទ្រ កោះធំតូច ធនធានធម្មជាតិ ជីវចម្រុះសមុទ្រ និងឧទ្យានជាតិរាម ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍ឆ្នេរ ទេសចរណ៍កោះ អេកូទេសចរណ៍ និងកីឡាទេសចរណ៍លើទឹក។

បន្ថែមពីនេះ ខេត្តមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែសមុទ្រទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ជាច្រើនកម្រិត ដែលជាមូលដ្ឋានសម្រាប់ជំរុញខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍សមុទ្រកម្រិតអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព។

ទោះជាយ៉ាងណា ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយារបស់ភ្ញៀវទេសចរកំពុងផ្លាស់ប្តូរ ព្រះសីហនុត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មី កែលម្អ និងពង្រឹងគុណភាពសេវាកម្ម ព្រមទាំងបង្កើនភាពទាក់ទាញ ភាពស្អាត សន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម បានបន្តថា ការអភិវឌ្ឍទេសចរណ៍ក៏ត្រូវឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជំនាន់ថ្មី និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ព្រះសីហនុជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន៦ ដោយផ្តោតលើការចូលរួមរបស់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអន្តរជាតិ និងអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជនក្នុងស្រុក និងបរទេស ព្រមទាំងបណ្តាញសារព័ត៌មាន អ្នកផលិតមាតិកា Influencers និង KOLs និងប្រជាពលរដ្ឋ។

ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងអំណរគុណដល់អ្នកផលិតមាតិកា Influencers និងយុវជន ដែលបានចូលរួមផ្សព្វផ្សាយរូបភាព និងគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ព្រមទាំងព័ត៌មានវិជ្ជមានអំពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសទៅកាន់ពិភពលោក។

លោកបានគូសបញ្ជាក់ស្របតាមទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍ថា «បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times