ភ្នំពេញ៖ ក្នុងរយៈពេលជាង ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីដល់គម្រោងសរុប ៥០០ ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨.៤៧ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង។
តួលេខនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំលើកទី២៧ របស់ក្រុមការងារ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១០ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង ៤២ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារប្រមាណ ១,៣៦១ កន្លែង។
គម្រោងទាំងនេះរួមមាន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និងក្តារប៉ាកេ រោងចក្រផលិត និងដំឡើងឧបករណ៍ប្រើប្រាស់ដោយអគ្គិសនី និងគ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី គម្រោងអភិវឌ្ឍអចលនទ្រព្យ សណ្ឋាគារ និងរីសត ព្រមទាំងអគារស្នាក់នៅរួម។
ដោយឡែក ក្នុងចំណោមគម្រោងទាំង ៥០០ ខាងលើ ដែលទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធី មានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៧ គម្រោង គម្រោងមិនពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន ២៤៣ គម្រោង គម្រោងពង្រីកចំនួន ២៥ និងគម្រោងមានស្រាប់ចំនួន ១៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានគូសរំលេចពីសមិទ្ធផលសំខាន់ៗរបស់ក្រុមការងារក្នុងត្រីមាសទី៣ រួមមានការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ និងការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ។
ក្រុមការងារបានសិក្សាពីការសម្រួលនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង សម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់គម្រោងដែលមានទំនាស់ព្រំដី និងសម្របសម្រួលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទឹក និងភ្លើង ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ក្រុមការងារក៏បានគាំទ្រគម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ការទាក់ទាញ និងការថែរក្សាទំនុកចិត្តរបស់វិនិយោគិន និងធុរជន គឺជាកិច្ចការដែលទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និងធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ឯកឧត្តមបានជំរុញឱ្យមានការលុបបំបាត់ ឬកាត់បន្ថយជាអតិបរមានូវរបាំងរដ្ឋបាលស្មុគស្មាញ ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនដោយផ្ទាល់ និងដាក់ចេញយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព។
ឯកឧត្តម បានបន្ថែមថា រាល់ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្ត ត្រូវអនុវត្តប្រកបដោយបុរេសកម្ម ឆាប់រហ័ស និងមានតម្លាភាព៕
អត្ថបទ៖ ប៊ី







