ក្រសួងពាណិជ្ជកម្ម បើកវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ភ្ជាប់ MSMEs ទៅកាន់ទីផ្សារដោយផ្ទាល់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបើក «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» ជាលើកដំបូង ដោយផ្តោតលើការភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្មក្នុងស្រុក សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយអ្នកបញ្ជាទិញ អ្នកចែកចាយ ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ដើម្បីពង្រីកឱកាសទីផ្សារ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

វេទិកានេះត្រូវបានបើកនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ និងសមាគមធុរកិច្ច ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងពិធី លោកជំទាវ ចម និម្មល បានចាត់ទុកវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ថាជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួង ក្នុងការសម្រួល និងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក។

លោកជំទាវបានគូសបញ្ជាក់ថា ការតភ្ជាប់នេះមានសារៈសំខាន់ជាពិសេសសម្រាប់ការភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ MSMEs អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកផ្តល់សេវាភស្តុភារកម្ម។

លោកជំទាវបានបន្ថែមថា លទ្ធផលវិជ្ជមានពីវេទិកាឆ្នាំនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីនេះឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ក្នុងគោលដៅរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ប៉ុន្តែ ការតភ្ជាប់មិនទាន់ពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវការការចូលរួមដោះស្រាយពីគ្រប់ភាគី។

លោកជំទាវបានថ្លែងថា៖ «ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព»។

វេទិកានេះបានផ្តោតលើសកម្មភាពសំខាន់ៗ រួមមាន ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម (G2B2B) ការចែករំលែកបទពិសោធន៍ និងករណីសិក្សាពាក់ព័ន្ធនឹងប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម (Pitching) និងការបណ្តុះបណ្តាលអំពីការអភិវឌ្ឍម៉ាកយីហោ និងការវេចខ្ចប់ផលិតផល។

វេទិកានេះក៏ផ្តល់ការប្រឹក្សាដល់អាជីវកម្មពាក់ព័ន្ធនឹងសេវាសាធារណៈសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីការពារម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល។

ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល ក៏បានលើកឡើងពីយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន ៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត ព្រមទាំងយុទ្ធនាការផលិតផលស្ត្រី #MadeByHer និងការជំរុញការផ្សព្វផ្សាយ និងចុះបញ្ជីផលិតផលហាឡាលកម្ពុជា។

យុទ្ធនាការទាំងនេះ ត្រូវបានក្រសួងចាត់ទុកថា មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកចូលរួមប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោធន៍ និងប្រែក្លាយការពិភាក្សាទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង ដើម្បីបំពេញចន្លោះខ្វះខាត បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងពង្រឹងចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times