របាយការណ៍ថ្មីជំរុញឱ្យមានសកម្មភាពជាបន្ត ខណៈកម្ពុជាកំពុងដោះស្រាយការរំខានការផ្គត់ផ្គង់ថាមពលសកល

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលប្រេងឥន្ធនៈ និងជី បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសប្រឈមនឹងការរំខានការផ្គត់ផ្គង់ថាមពលសកល និងរំលេចពីតម្រូវការ​ ក្នុងការការពារគ្រួសារងាយរងគ្រោះ ព្រមទាំងការកសាងភាពធន់រយៈពេលវែង​ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

របាយការណ៍ស្តីពី ​ផលប៉ះពាល់សេដ្ឋកិច្ចដោយការរំខាននៃទីផ្សារថាមពលអន្តរជាតិមកលើប្រទេសកម្ពុជា​ ត្រូវបានចងក្រងដោយលោក James Giesecke និង លោក Robert Waschik មកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយនៅសាកលវិទ្យាល័យ Victoria, លោក Milan Thomas មកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក ឆន ឌីណា មកពី CDRI។ កិច្ចសហការនេះបង្ហាញពីភាពជាដៃគូដ៏រឹងមាំក្នុងចំណោមអ្នកស្រាវជ្រាវកម្ពុជា និងអន្តរជាតិ ដោយរួមបញ្ចូលគ្នានូវចំណេះដឹងអំពីប្រទេសកម្ពុជា និងគំរូស្រាវជ្រាវល្អៗពីអន្តរជាតិ។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (A​DB) បានមានប្រសាសន៍ថា «របាយការណ៍នេះផ្តល់ការវិភាគទាន់ពេលវេលា ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅនឹងវិបត្តិប្រេងឥន្ធនៈសកល និងជំនួយតាមរយៈអន្តរាគមន៍រហ័សរបស់ ADB​ នាពេលថ្មីៗ ដែលជាការរួមចំណែក ក្នុងការឆ្លើយតបនេះ ដើម្បីស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ ការរងផលប៉ះពាល់របស់កម្ពុជាដោយការរំខាននៃទីផ្សារថាមពល មិនត្រឹមតែជាការគំរាមកំហែងរយៈពេលខ្លីដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផងដែរ។ ការរកឃើញក្នុងរបាយការណ៍នេះ    ផ្តល់នូវជម្រើសគោលនយោបាយជាក់ស្តែង ផ្អែកលើភស្តុតាង ដើម្បីពង្រឹងសន្តិសុខថាមពល ធានាខ្សែច្រវាក់ផ្គត់ផ្គង់ឥន្ធនៈនិងជីជាគន្លឹះ និងបង្វែរស្ថានភាពសេដ្ឋកិច្ចទៅជាឱកាសសម្រាប់កំណើនប្រកបដោយចីរភាព។»

លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃ CDRI បានមានប្រសាសន៍ថា «របាយការណ៍នេះឆ្លុះបញ្ចាំងពីបេសកកម្មស្នូលរបស់ CDRI គឺវិធីសាស្ត្រសហការក្នុងការចងក្រងភស្តុតាងឯករាជ្យយ៉ាងម៉ត់ចត់ ដើម្បីជួយអ្នកបង្កើតគោលនយោបាយ​ ដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយវិបត្តិពីខាងក្រៅ។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកជាមួយនឹងគំរូស្រាវជ្រាវអន្តរជាតិល្អៗ យើងសង្ឃឹមថា វានឹងជួយដល់អ្នកដឹកនាំក្នុងរាជរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាវិស័យអភិវឌ្ឍន៍ នូវមូលដ្ឋានច្បាស់លាស់ ផ្អែកលើភស្តុតាងដើម្បីដាក់ចេញនូវសកម្មភាព ដែលនេះមិនមែនគ្រាន់តែជាការធ្វើការវិភាគហានិភ័យដែលកម្ពុជាកំពុងប្រឈមមុខនោះទេ។»

ការសិក្សានេះពិនិត្យមើលផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងបរិមាណមានកម្រិតនៃជីនៅលើទីផ្សារ ដែលបណ្តាលមកពីការរំខាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។ របាយការណ៍នេះប្រើគំរូសិក្សាវិបត្តិសកល ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ចកម្ពុជា ដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេស។ ហើយវាផ្តល់ជាអនុសាសន៍គោលនយោបាយ ដែលរួមមានការពន្លឿនការធ្វើពិពិធកម្មថាមពល ការកសាងជំនាញបៃតង និងការរក្សាប្រេងឥន្ធនៈ និងជីបម្រុងជាយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយវិបត្តិពីខាងក្រៅ។ វាក៏សំណូមពរឱ្យមានការគាំទ្រចំគោលដៅ និងទាន់ពេលវេលាដល់គ្រួសារដែលងាយរងគ្រោះ ព្រមទាំងរក្សាលំហសារពើពន្ធសម្រាប់ការចំណាយសាធារណៈជាអាទិភាព។

លោក Milan Thomas សេដ្ឋវិទូប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា «គំរូស្រាវជ្រាវនេះបង្ហាញថា ប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើងបន្ថែមទៀតដល់ ៥០% ខ្ពស់ជាងមុនពេលមានវិបត្តិ សកម្មភាពសេដ្ឋកិច្ចនឹងធ្លាក់ចុះ ១%។ ផលប៉ះពាល់អាចមានកាន់តែច្រើនលើគ្រួសារនៅតាមជនបទ ដោយសារផលិតកម្មវិស័យកសិកម្មរបស់ពួកគាត់ រងផលប៉ះពាល់ដោយតម្លៃធាតុចូលខ្ពស់ជាងមុន។

អនុសាសន៍មួយចំនួនរបស់របាយការណ៍ មាននៅក្នុង កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ​ (Comprehensive Intervention Program) របស់រាជ រដ្ឋាភិបាល ដែលនឹងត្រូវបានគាំទ្រដោយកម្មវិធីអន្តរាគមន៍រហ័សសម្រាប់ស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy or RISE) របស់ ADB ចាប់ពីខែក្រោយនេះទៅ។ ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ នេះ​នឹងអាចជួយដល់ ប្រាក់ចំណូលសម្រាប់គ្រួសារក្រីក្រ ការគាំទ្រអន្តរកម្មថាមពលសម្រាប់អ្នកបើកបររ៉ឺម៉កកង់បី ព្រមទាំងការបណ្តុះបណ្តាល និងបរិក្ខារកសិកម្មសម្រាប់គ្រួសារនៅតាមជនបទ។   

កម្មវិធី RISE ត្រូវបានអនុម័តនៅថ្ងៃទី ៣០ ខែកក្កដា ហើយនឹងផ្តល់ការគាំទ្រថវិកាចំនួន ២៥០ លានដុល្លារសម្រាប់កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តការបន្ធូរបន្ថយពន្ធបណ្តោះអាសន្ន និងផ្តល់ជាជំនួយជាក់លាក់ដោយប្រើប្រព័ន្ធ IDPoor៕

អត្ថបទ៖ ប៊ី, ប្រភព៖ ADB

តាមដានជាមួយយើង៖ Million Times