ស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលផ្លូវ ៣ ខ្សែនៅក្រចេះ

ភ្នំពេញ៖ សមិទ្ធផលផ្លូវចំនួន ៣ ខ្សែនៅខេត្តក្រចេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

សមិទ្ធផលផ្លូវទាំង ៣ ខ្សែ រួមមាន ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលត្រូវបានអនុវត្តការងារសាងសង់ និងលើកកម្រិត ដើម្បីពង្រឹងការតភ្ជាប់ផ្លូវគមនាគមន៍នៅក្នុងតំបន់។

ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវបានលើកកម្ពស់ និងពង្រីកទទឹងដល់ ១១ ម៉ែត្រ ដោយមាន ២ គន្លងផ្លូវ។

ចំណែកផ្លូវខេត្តលេខ៣៧៧ ត្រូវបានលើកកម្រិតជួសជុល និងថែទាំ មានប្រវែងសរុប ៣៥ គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ០+៥០០ ដល់គីឡូម៉ែត្រលេខ ៣៥+៥០០។ ចំណុចចាប់ផ្តើមស្ថិតនៅចម្ងាយ ៥០០ ម៉ែត្រពីរង្វង់មូលព្រាប ស ក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ឆ្ពោះទៅវិហារសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ដោយឡែក ផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រលេខ ០+០០០ ដល់គីឡូម៉ែត្រលេខ ១៣+៥៩៣ ដោយចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ផ្លូវនេះត្រូវបានស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥ សង់ទីម៉ែត្រ។

តាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវទាំង ៣ ខ្សែនេះ ត្រូវបានសាងសង់ក្នុងរយៈពេល ២១ ខែ និងមានសុពលភាពជួសជុល និងថែទាំរយៈពេល ៥០ ខែ។

ការដ្ឋានសាងសង់ផ្លូវទាំងនេះ ត្រូវបានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ផ្លូវជាតិលេខ៧៣ ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ចំណែកផ្លូវខេត្តលេខ៣៧៧ និងលេខ៣៧៧A ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សមិទ្ធផលផ្លូវទាំងនេះមានសារសំខាន់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង និងការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងរួមចំណែកដល់ការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times