ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលពីពន្ធគយបាន ១,៥៦ ពាន់លានដុល្លារ កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ត្រូវជាប្រមាណ ៥១,៦% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ថា លទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ រួមមាន ចំណូលដែលប្រមូលបានមានចំនួន ៦ ២៧៨,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១,៥៦ ពាន់លានដុល្លារ) កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ត្រូវជាប្រមាណ ៥១,៦% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
ក្នុងនោះ សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។
ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានគូសរំលេចនូវការប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កន្លងមក, និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផលនៃការអនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ក្រៅពីការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម រួមមានដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ រួមមានដូចជា ការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលប្រេងឥន្ធនៈនិងឧស្ម័ន, ការបញ្ចុះអត្រាពន្ធនិងអាករលើរថយន្តអគ្គិសនីនិងឧបករណ៍ថាមពលសូឡា, ការថមថយនៃតម្រូវការប្រើប្រាស់ក្នុងប្រទេស, និងការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល ជាដើម។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូលចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ៕
អត្ថបទ៖ ប៊ី







