អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៩៥២ នាក់បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។
លោកបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ៦៤នាក់ ចំណែកអ្នកជាប់ការងារសរុប ១៨៨នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ៕
អត្ថបទ៖ ប៊ី










