សៀវភៅ “យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន”​ ​ដាក់សម្ពោធ​ជាផ្លូវការ និងបោះពុម្ពផ្សាយបីភាសា

សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ បានប្រកាស​ដាក់សម្ពោធ​ជាផ្លូវការនូវសៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)»​ បោះពុម្ពផ្សាយក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា​​ ដែលជាគ្រឹះស្ថានឈានមុខ ក្នុងការលើកកម្ពស់​ការអាន ការអប់រំ និងការពង្រីកលទ្ធភាពទទួលបានចំណេះដឹង។  

ពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុងបរិវេណសួនច្បារព្រះបាទអង្គឌួងនៃសារមន្ទីរ ស.ស.រ. ដោយមានការចូលរួមពីតំណាងវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។ សៀវភៅថ្មីនេះនឹងផ្តល់ជូនអ្នកអាននូវខ្លឹមសារសង្ខេបនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ។

តាមរយៈអត្ថបទសង្ខេប និងការរចនារូបភាពបែបគំនូរ សៀវភៅនេះផ្តល់ឱកាស ឱ្យអ្នកអានគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន នូវភាពងាយស្រួល និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលមានអាយុកាលជាង ​២,០០០ឆ្នាំរបស់ប្រទេសកម្ពុជា។ សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)»​ ក៏រៀបរាប់លម្អិតពីខ្លឹមសារសំខាន់ៗរបស់ពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ និងអាចប្រើប្រាស់ជាឧបករណ៍មគ្គុទ្ទេសក៍​ ក្នុងការទស្សនាសារមន្ទីរ និងឈ្វេងយល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ​។

កិច្ចសហការនេះបានបង្ហាញភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ដែលបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអាន និងគុណភាពអប់រំ និងបានក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹងនៅទូទាំងប្រទេសកម្ពុជា។

តាមរយៈការរួមបញ្ចូលគ្នានូវ​ជំនាញក្នុងការបោះពុម្ពសៀវភៅ ដែលងាយស្រួលអាន របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ជាមួយនឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសមុច្ច័យដែលសារមន្ទីរ ស.ស.រ បានចងក្រង និងដាក់តាំងបង្ហាញ សមិទ្ធផលនេះមានគោលបំណង ធ្វើឱ្យប្រធានបទ​ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាចំណេះដឹងងាយស្រួលទទួលយក​​និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអានគ្រប់រូប។

ថ្លែងនៅក្នុងពិធីនេះ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ. បានមានប្រសាសន៍ថា៖ «ការផ្តល់លទ្ធភាព​​​​ឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន ទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ជាបេសកកម្មមួយដ៏សំខាន់របស់សារមន្ទីរ ស.ស.រ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានរួមសហការជាមួយគ្រឹះស្ថាន ស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន​ និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។

លោក ហុក សុទ្ធិ អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បានមានប្រសាសន៍ថា៖ «គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា មានមោទកភាពដែលបានចាប់ដៃគូសហការជាមួយសារមន្ទីរ ស.ស.រ ក្នុងការបោះពុម្ពសៀវភៅនេះឡើង ដែលជាធនធានផ្នែកអប់រំដ៏សាមញ្ញ ប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ»។

សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)»​ ត្រូវបានបោះពុម្ពផ្សាយជាបីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងបារាំង ហើយលោកអ្នកអាចរកជាវបាន​នៅហាងលក់វត្ថុអនុស្សាវរីយ៍នៃសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times