កូនចៅនៃសម្ព័ន្ធ ជីប ម៉ុង ជូនដំណើរអ្នកជិះកង់ដើម្បីកុមារកម្ពុជា ទីវ តារារិទ្ធិ ឆ្ពោះទៅកាន់ខេត្តសៀមរាប

លោក ទីវ តារារិទ្ធិ ដែល​មហាជន​ស្គាល់​ថា​ជា​អ្នក​ជិះកង់​ឆ្លង​ទ្វីប​របស់​កម្ពុជា​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​បន្ត​បេសកកម្ម​ជិះកង់​ពី​ភ្នំពេញ​ទៅ​សៀមរាប​កាលពី​ម្សិលមិញ ហើយ​ក៏​មាន​ក្រុម​គ្រួសារ​នៃ​ត្រកូល ជីប ម៉ុង ​ចូលរួម​ជូន​ដំណើរ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

សប្បុរជន តារារិទ្ធិ បាន​ជិះកង់​ទៅកាន់​ទ្វីប​អឺរ៉ុប អាហ្វ្រិក អាស៊ី​កណ្ដាល ដោយ​ឆ្លងកាត់ ៤០ ប្រទេស​មាន​ចម្ងាយ​ប្រមាណ ៥៧ ០០០ គីឡូម៉ែត្រ រៃ​អង្គាស​ថវិកា​បាន​ជាង ២១ ម៉ឺន​ដុល្លារ​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ហើយ​ខ្វះ​ប្រមាណ ៣ ម៉ឺន​ដុល្លារ ហើយ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប​បាន​ប្រកាស​ឧបត្ថម្ភ ៣៥ ០០០ ដុល្លារ​ដើម្បី​បង្គ្រប់។

នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ​នេះ លោក ទីវ តារារិទ្ធិ បាន​ទទួល​បាន​ការ​ជូន​ដំណើរ​ជាច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ពិសេស​គឺ​អ្នក​តំណាង ជីប ម៉ុង គ្រុប គឺ​កញ្ញា អ៊ឹង វត្តី ដែល​កំពុង​កាន់កាប់​ការងារ​នៅ​ក្នុង Khmer Beverages។

គួរ​បញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន លោក ទីវ តារារិទ្ធិ បាន​ជួប​ជា​មួយ CEO បន្តវេន អ៊ឹង វីរៈ ដើម្បី​បង្ហាញ​ពី​ការ​ធ្វើ​ដំណើរ​របស់​លោក រាប់​ម៉ឺន​គីឡូ​ម៉ែត្រ​នៅ​ទ្វីប​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​កណ្ដាល ដោយ​ជួប​បញ្ហា​ច្រើន​រាប់​មិន​អស់៕

អត្ថបទ៖ ឆដា, រូបភាព៖ WURKZ