World Bank សម្រេចអនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា

ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល កំណើនប្រកបដោយចីរភាព និងការបង្កើតការងារ ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងថ្មីមួយ៖ គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project) ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងនេះនឹងជួយកម្ពុជាក្នុង​ការ​ធ្វើ​អន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចបៃតង តាមរយៈការគាំទ្រ​ហិរញ្ញប្បទានជាឥណទាន​ចំនួន ១១០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក រួមជាមួយជំនួយឥតសំណង ៥ លានដុល្លារអាម៉េរិក ពីកម្មវិធីជំនួយគ្រប់គ្រងវិស័យ​ថាមពល (ESMAP)។

ការវិនិយោគនេះ នឹង​ផ្តល់​​​​អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អគ្គិសនី, ស្ថាប័នសាធារណៈ, សហគ្រាសឧស្សាហកម្ម, អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ, អ្នកផ្តល់សេវាកម្ម, និងអ្នកផ្គត់ផ្គង់ឧបករណ៍ប្រសិទ្ធភាពថាមពល ដោយបង្កើតការងារកាន់តែច្រើន និងប្រសើរជាងមុននៅក្នុងវិស័យនេះ។

លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «កម្ពុជា​ទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់អគ្គីសនីគួរឲ្យកត់សម្គាល់។ ដោយការពង្រឹងបណ្តាញអគ្គិសនី និងជួយឲ្យអាជីវកម្មប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពប្រសើរឡើង គម្រោងនេះនឹងជួយគាំទ្រការប្រែប្រួលទៅរកថាមពលស្អាត ដែលនឹងជួយការពារសេដ្ឋកិច្ចពីភាពប្រែប្រួលតម្លៃថាមពលនៅលើពិភពលោក ជំរុញឱ្យកំណើន បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតការងារដែលមានគុណភាព។

តម្រូវការអគ្គិសនីរបស់ប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងស្តង់ដាជីវភាពកើនឡើង។ បច្ចុប្បន្ន លទ្ធភាពទទួលបានអគ្គិសនីបានគ្រប​ដណ្តប់​ស្ទើរពេញផ្ទៃ​ប្រទេសហើយ​​ ប៉ុន្តែ​បញ្ហាប្រឈមថាមពលបន្ទាប់របស់កម្ពុជា គឺការធ្វើឱ្យបណ្តាញថាមពលកាន់តែអាចទុកចិត្តបាន មានតម្លៃសមរម្យ ធន់ និងកាន់តែស្អាត។ គម្រោងនេះគឺជាដំណាក់កាលទី ៧ នៃ អភិក្រម​កម្មវិធីពហុដំណាក់កាលបង្កើនល្បឿនអន្តរកាលថាមពលប្រកបដោយនិរន្តរភាព (MPA) នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍ថា៖ «ឈរលើគោលការណ៍ ថាមពល​ស្អាត, មានតម្លៃសមរម្យ, អាចទុកចិត្តបាន និង​សមធម៌ (CARE) កម្ពុជា​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​អន្តរកាល​ថាមពល​ដែល​មាន​ភាពត្រឹមត្រូវ ដែល​ជួយ​ដល់​ប្រជាជន, អាជីវកម្ម និង​ការអភិវឌ្ឍជាតិ​យូរអង្វែង។» 

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times