ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ ក្នុងគោលបំណងរៀបចំផែនការការងារឆ្ពោះទៅកាន់ការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ទាក់ទងនឹងថវិកាជាតិ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។
នៅក្នុងកិច្ចពិភាក្សាអង្គប្រជុំបានពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំសិក្ខាសាលាដើម្បីស្វែងយល់ពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះ គឺជាជំហានគន្លឹះមួយក្នុងការប្រមូលព័ត៌មាន និងទិន្នន័យចាំបាច់ សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ខាងមុខ។
អង្គប្រជុំក៏បានពិភាក្សាលើប្រតិទិនការងារ នៃការត្រៀមរៀបចំកិច្ចប្រជុំរួមគ្នាមួយ រវាងគណៈកម្មការទី២ នៃរដ្ឋសភា តំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំអន្តរស្ថាប័ននេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឱ្យបានស៊ីជម្រៅលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។
កិច្ចប្រជុំនាពេលនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដ៏ល្អ ដោយមានការចូលរួមផ្ដល់ធាតុចូលយ៉ាងផុសផុលពីសមាជិកសមាជិកាទាំងអស់ ដើម្បីរួមគ្នាកំណត់ទិសដៅការងាររបស់គណៈកម្មការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ប៊ី, ប្រភព៖ រដ្ឋសភា






