អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ផ្តោតលើការទាក់ទាញវិនិយោគ

ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង បានជួបពិភាក្សាអាហារថ្ងៃត្រង់ការងារ ជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ផ្តោតលើការទាក់ទាញវិនិយោគ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថាមពល និង​សន្តិសុខ​ស្បៀង។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា អ្នកឧកញ៉ា គិត ម៉េង និង​លោក ស្ទីវិន ផាំង (Steven Pang) ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​អាហារ​ថ្ងៃត្រង់​ការងារ​ជាមួយគ្នា។

ជំនួបពិសារអាហារថ្ងៃត្រង់ការងារនេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​រវាង​កម្ពុជា និង​សិង្ហបុរី បាន​ផ្លាស់ប្ដូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​កាលានុវត្តភាពធុរកិច្ច សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង២។ ជាពិសេស ស្រប​ពេល​សិង្ហបុរី​នឹង​ត្រូវ​ទទួល​បន្ទុក​ធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ ២០២៧ ជំនួប​នេះ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​កសាង​កិច្ច​សហការ​កាន់តែ​ជិតស្និទ្ធ​រវាង​វិស័យ​ឯកជន ដើម្បី​ត្រៀម​ខ្លួន​ចាប់​យក​កាលានុវត្តភាពថ្មីៗ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់។

ភាគី​ទាំង ២ ក៏​បាន​លើក​យក​បញ្ហា​យុទ្ធសាស្ត្រ​រួម​របស់​តំបន់​អាស៊ាន​មក​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​យ៉ាង​ផុលផុស ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការទាក់ទាញវិនិយោគពីសិង្ហបុរី មកកម្ពុជា លើ​វិស័យ​សក្ដានុពល​នានា រួម​មាន​បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) សំដៅ​លើក​កម្ពស់​សន្តិសុខ​ថាមពល និង​ជំរុញ​ការ​តភ្ជាប់​ថាមពល​ស្អាត​ក្នុង​តំបន់ មួយ​វិញ​ទៀត​សន្តិសុខស្បៀង (Food Security) ក្នុងគោលដៅពង្រឹងភាពធន់ និង​ធានា​ស្ថិរភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ស្បៀង​អាហារ សម្រាប់​ប្រជាជាតិ​អាស៊ាន​ទាំង​មូល៕

អត្ថបទ៖ ឆដា, រូបភាព៖ CNC