ថ្មីៗនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្ពោធរោងចក្រផលិតជីកសិកម្មដ៏ធំមួយរបស់ខ្លួន ដែលស្ថិតនៅលើផ្ទៃដី ១៥ ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ដែលនេះជាការបោះជំហានថ្មីមួយទៀតរបស់វិស័យកសិកម្មកម្ពុជា។

រោងចក្រជីកសិកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានសមត្ថភាពផលិតជីបានប្រមាណ ២០០ តោន ក្នុងមួយថ្ងៃ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ធានាបាននូវគុណភាពល្អ និងតម្លៃសមរម្យ សម្រាប់ប្រជាកសិករយកទៅប្រើប្រាស់។ បើតាមក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម ទាំងតម្លៃ និងគុណភាពជីដែលផលិតចេញពីរោងចក្ររបស់ខ្លួន គឺអាចប្រកួតប្រជែងជាមួយនឹងជីនាំចូលបាន។
អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ ជីកសិកម្ម ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹកជូនទៅដល់ប្រជាកសិករ តាមតំបន់នានា ប្រកបដោយគុណភាពជាទីពេញចិត្ត ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជីកសិកម្ម បានសម្រេចបើកសម្ពោធជាផ្លូវការនូវរោងចក្រជីមួយនេះឡើង ដែលនឹងក្លាយជាផ្នែកមួយ រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា គឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញ និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើការផលិត ជីកសិកម្មឱ្យបានកាន់តែច្រើន និងមានគុណភាព ខណៈបញ្ហាជីកសិកម្មនេះ កំពុងជះផលអវិជ្ជមានជាច្រើនទៅលើគុណភាព បរិមាណ និងតម្លៃរបស់ផលិតផលកសិកម្មកម្ពុជា។


អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានលើកឡើងដោយជឿជាក់ថា រោងចក្រជីកសិកម្មមួយនេះ នឹងជួយជំរុញលើការដាំដុះឱ្យទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក៕










អត្ថបទ៖ ឆដា, រូបភាព, ផ្ដល់ឲ្យ



