បើគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រេចការសាងសង់បានប្រមាណ ៨០%ហើយ។ នេះបើតាមឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ មានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។

គម្រោងនេះ បានចាប់ផ្តើមការដ្ឋានក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយបើគិតមកត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០%ហើយ។

ក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅលើដងស្ទឹងសែនផ្នែកខាងក្រោម ក្នុងខេត្តកំពង់ធំ គឺជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សា ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ។

គម្រោងនេះ មានសក្តានុពលស្ដុកទឹក ដើម្បីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានា ដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោមនារដូវវស្សា៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក


