ភ្នំពេញ៖ ក្រុមហ៊ុន JAPFA Group ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី បានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកឱកាសបណ្តាក់ទុនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
ការបង្ហាញចំណាប់អារម្មណ៍នេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូ JAPFA Group ដឹកនាំដោយលោក Mark Gerald Eman នាយកក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជម្រាបពីច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ជាពិសេសរបបលើកទឹកចិត្ត និងគោលនយោបាយគាំទ្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងវិនិយោគ។
ឯកឧត្តម ក៏បានលើកឡើងពី «ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទាក់ទាញការវិនិយោគឯកជន ជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។
JAPFA Group ត្រូវបានបង្កើតឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៧១ និងមានបទពិសោធន៍ប្រមាណ ៥៥ឆ្នាំក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ ក្រុមហ៊ុនមានប្រតិបត្តិការនៅឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស ដោយប្រើគំរូអាជីវកម្ម «Feed–Farm–Food» គ្របដណ្តប់ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ផលិតកម្ម និងការចែកចាយអាហារ។
លោក Mark Gerald Eman បានកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា និងបានទទួលស្គាល់ថាច្បាប់វិនិយោគមានភាពបើកចំហ និងតម្លាភាព ខណៈរបបលើកទឹកចិត្តមានភាពប្រកួតប្រជែង និងមានគោលនយោបាយគាំទ្រដោយឡែកសម្រាប់វិស័យកសិ-ឧស្សាហកម្ម។
លោកបានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជាអាចជាគោលដៅសម្រាប់ការបណ្តាក់ទុនរបស់ក្រុមហ៊ុន។
ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ និងគាំទ្រគោលបំណងវិនិយោគនេះ ដោយបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជាត្រៀមសម្របសម្រួល និងគាំទ្រក្រុមហ៊ុនពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ ប៊ី








