ភ្នំពេញ៖ អង្ករកម្ពុជាបានបោះជំហានបន្ថែមចូលទីផ្សារហ្វីលីពីន តាមរយៈកិច្ចសន្យាទិញ-លក់អង្ករចំនួន ១០,០០០ តោន រវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើនទៅកាន់ទីផ្សារនេះជាលើកដំបូង។
ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
លោកជំទាវ ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងផ្តល់ទំនុកចិត្តលើគុណភាព និងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន។
លោកជំទាវបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។
ទន្ទឹមនេះ លោកជំទាវរដ្ឋមន្ត្រីបានជំរុញឱ្យតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា បន្តពង្រឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់ ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ដើម្បីបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះមិនត្រឹមតែជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់វិស័យស្រូវអង្ករកម្ពុជា។
លោកឧកញ៉ា បានបញ្ជាក់ថា នេះគឺជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើនទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង ដែលជាការបោះជំហានមួយបន្ថែមទៀតក្នុងការពង្រីកទីផ្សារសម្រាប់អង្ករកម្ពុជា៕
អត្ថបទ៖ ប៊ី






