ក្រុមហ៊ុន WorldBridge Group ដែលមានដូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន SEMMARIS ដែលជាក្រុមហ៊ុនបារាំងមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការគ្រប់គ្រងទីផ្សារបោះដុំ បានឈានដល់ការចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់សេវាសិក្សាលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ទីផ្សារបោះដុំផលិតផលស្រស់នៅរាជធានីភ្នំពេញ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោងនេះ នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដែលក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់គ្នានេះផងដែរ បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្ត្រនេះ បានរួមបញ្ចូលនូវចំណេះដឹងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារកម្ពុជា ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍របស់ក្រុមហ៊ុន SEMMARIS ក្នុងការគ្រប់គ្រងទីផ្សារបោះដុំ Rungis ដែលជាទីផ្សារបោះដុំដ៏ធំបំផុតនៅទ្វីបអឺរ៉ុប។
គម្រោងនេះនឹងរួមចំណែកបង្កើតទីផ្សារបោះដុំទំនើបមួយនៅរាជធានីភ្នំពេញ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិ-ស្បៀងអាហារ និងបង្កើតឱកាសថ្មីៗសម្រាប់ការពង្រីកការនាំចេញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់ការអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការចុះកិច្ចសន្យាពេញលេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ជាពិសេស ជាសក្ខីភាពដ៏ច្បាស់លាស់ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅកម្ពុជា កម្រិតនៃការជឿទុកចិត្តរបស់វិនិយោគិន និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។
ឯកឧត្តម បានថ្លែងបន្តថា ការប្តេជ្ញាចិត្តនិងកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រសួងនឹងផ្តល់ការគាំទ្រ លើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕
អត្ថបទ៖ ប៊ី








