រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតដល់ ២០០ តោនក្នុងមួយថ្ងៃ ត្រៀមវាយលុកទីផ្សារ និងជំនួសផលិតផលនាំចូល

ថ្មីៗនេះ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជី​កសិកម្ម បាន​សម្ពោធ​រោងចក្រ​ផលិត​ជី​កសិកម្ម​ដ៏​ធំ​មួយ​របស់​ខ្លួន ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ដី ១៥ ហិកតា នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀត​របស់​វិស័យ​កសិកម្ម​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

រោងចក្រ​ជី​កសិកម្ម​របស់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ មាន​សមត្ថភាព​ផលិត​ជី​បាន​ប្រមាណ ២០០ តោន ក្នុង​មួយ​ថ្ងៃ ដោយ​ការ​ផលិត​ទាំងស្រុង គឺ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុង​ស្រុក ធានា​បាន​នូវ​គុណភាព​ល្អ និង​តម្លៃ​សមរម្យ សម្រាប់​ប្រជា​កសិករ​យក​ទៅ​ប្រើប្រាស់។ បើ​​តាម​ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជី​កសិកម្ម ទាំង​តម្លៃ និង​គុណភាព​ជី​ដែល​ផលិត​ចេញពី​រោងចក្រ​របស់​ខ្លួន គឺ​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​ជី​នាំចូល​បាន។

អ្នក​ឧកញ៉ា​បណ្ឌិត សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បាន​គូស​បញ្ជាក់​ថា បន្ទាប់ពី​ដំណើរ​ការ​សាកល្បង​ផ្គត់ផ្គង់ ជី​កសិកម្ម ដូចជា​ជី​សរីរាង្គ ជី​លាមក​ជន្លេន និង​ជី​ទឹក​ជូន​ទៅ​ដល់​ប្រជាកសិករ តាម​តំបន់​នានា ប្រកប​ដោយ​គុណភាព​ជាទី​ពេញចិត្ត ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជី​កសិកម្ម បាន​សម្រេច​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ​ជី​មួយ​នេះ​ឡើង ដែល​នឹង​ក្លាយ​ជា​ផ្នែក​មួយ រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា គឺ​ស្រប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ជំរុញ និង​លើក​ទឹកចិត្ត ឱ្យ​មាន​ការ​វិនិយោគ​លើ​ការ​ផលិត ជី​កសិកម្ម​ឱ្យ​បាន​កាន់តែ​ច្រើន និង​មាន​គុណភាព ខណៈ​បញ្ហា​ជី​កសិកម្ម​នេះ កំពុង​ជះ​ផល​អវិជ្ជមាន​ជាច្រើន​ទៅ​លើ​គុណភាព បរិមាណ និង​តម្លៃ​របស់​ផលិតផល​កសិកម្ម​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បាន​លើកឡើង​ដោយ​ជឿជាក់​ថា រោងចក្រ​ជី​កសិកម្ម​​មួយ​នេះ នឹង​ជួយ​ជំរុញ​លើ​ការ​ដាំដុះ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ការ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភព​លោក៕

អត្ថបទ៖ ឆដា, រូបភាព, ផ្ដល់ឲ្យ