សមាគមឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន បានសម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគមួយអំណោយផលបំផុត ហើយសន្យាជំរុញក្រុមហ៊ុនក្នុងឧស្សាហកម្មនេះ មកបណ្តាក់ទុននៅកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន នៅថ្ងៃទី២២ ខែមេសានេះ។

ក្នុងជំនួបនេះ លោក លី លីងសិន បានឱ្យដឹងថា ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន បាននិងកំពុងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។

លោកបានទទួលស្គាល់ពីការហានិភ័យ នៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្ម នៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ។ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ លោក លី លីងសិន ក៏បានសន្យាថា នឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
យ៉ាងណាក៏ដោយ ឯកឧត្តម ក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះ មានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។ បន្ថែមលើនេះ ឯកឧត្តមក៏បានចែករំលែកពីគំនិតផ្តួចផ្តើ មក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថាន ឱ្យបានជាអតិបរមា៕
អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការវិនិយោគ



