សម្តេចតេជោ បង្ហាញការខកចិត្តចំពោះអំពើ​មិន​គប្បី​ និងជ្រុលនិយមរបស់​ក្រុម​លោក K01

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បាបង្ហាញការខកចិត្ត ចំពោះអំពើ​មិន​គប្បី​របស់​ក្រុម​លោក K01 ដែលប្រព្រឹត្តអំពើជ្រុលនិយម ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ដោយសម្តេចប្រាប់ឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។

តាមដានជាមួយយើង៖ Million Times

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម កាលពីយប់ថ្ងៃ ២០ ខែតុលា ឆ្នាំ ២០២៥ ដូច្នេះថា ៖ «ខ្ញុំទើប បានមើល វីដេអូ មានរយៈពេលជាង៨នាទី របស់ក្រុម ដែល ដឹកនាំ ដោយ លោក K01 ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។

ខ្ញុំពិតជាមានការខកចិត្ត ចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះ ពិសេសសម្រាប់លោកK01 តែម្តង។

ការដុតចោលទំនិញថៃ ការដាក់បណ្តា​សាចំពោះ​អ្នក​លក់​ទំនិញ​ថៃដែល​នៅសេសសល់លក់មិនទាន់អស់ គឺជាអំពើ​ទៅហួស​ពីស្នេហា​ជាតិ និងជារបៀបក្រុមនិយមជ្រុលហួសហេតុ។

ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិន​ប្រើប្រាស់​ទំនិញ​ថៃ​មាន ស្ទើរតែ ៩៩ ភាគរយទៅហើយ មិនថា ប្រជាជន​នៅក្នុង​ប្រទេស​ឬបងប្អូនខ្មែរ នៅក្រៅប្រទេស​នោះទេ។

ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរ ដែលមានទំនិញ​ថៃនៅសល់​តើឲ្យ​ពួកគាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់​ដើម្បី​ប្រមូល​​ដើមទុនមកវិញ? ប្រសិនបើK01 មានប្រាក់សូម យកទៅ​ទិញ​ទំនិញ​ដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរ​ជាង​ដុត​ចោលដូចK01 បានធ្វើ ដែលមានក្នុងវីដេអូនេះ។ បើមនុស្សមិនទទួលទាន ទុកឲ្យសត្វស៊ីប្រសើរជាង ដុតឬកំទេចចោល។

ខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់ និងចូល​រួម​ពង្រឹង តម្លៃសីលធម៌ សុជីវធម៌ គុណធម៌ និង ភាព​ថ្លៃថ្នូរ​របស់​ជាតិ»៕

អត្ថបទ៖ ប៊ី