ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មកទទួលបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា ក្នុងរយៈពេលដែលមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ចុះចែកជូនដល់មូលដ្ឋានផ្ទាល់។
ការថ្លែងអំពាវនាវនេះ ធ្វើឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ សរុបចំនួន ៣ ០៩០ បណ្ណ ស្ថិតនៅភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន នៅបរិវេណវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុកលើកដែក មន្ត្រីជំនាញ និងប្រជាពលរដ្ឋជាច្រើននាក់។


ឯកឧត្តម គួច ចំរើន បានថ្លែងថា គិតមកដល់ពេលនេះ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានជាង ៤០ ម៉ឺនបណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋ បានប្រមាណជាង ៣០ម៉ឺនបណ្ណ ហើយនៅសល់ប៉ុន្មានជាង ១១ម៉ឺនបណ្ណទៀត ប្រជាពលរដ្ឋមិនទាន់បានមកទទួលនៅឡើយទេ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមកទទួលបណ្ណ កម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូន។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ៖ «ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ មករំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ»។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមរក្សាទុក្ខឱ្យបានល្អ ព្រោះថាបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តី ត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៧១ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៦៣០ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៦៣% នៃចំនួនភូមិសរុប ហើយថ្ងៃនេះគឺជាលើកទី៤៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន២ភូមិ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៣០៩០បណ្ណ៕
អត្ថបទ៖ ប៊ី