សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងជាថ្មីថា គ្មានការលក់ដូរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឱ្យឯកជនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អះអាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នៅព្រឹកថ្ងៃចន្ទ ទី ២០ ខែតុលា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា ៖«ព្រលាន្ដយន្ដហោះចាស់ គ្មានការលក់ដូរឡើយ នៅតែជាអចលនទ្រព្យ និងការគ្រប់គ្រងរបស់រដ្ឋដដែល»។
ទន្ទឹមនេះ សម្ដេចធិបតី បានលើកឡើងថា ការថែទាំព្រលានយន្ដហោះចាស់ គឺប្រើប្រាស់ថវិកា ៣ លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចធិបតី បានបន្តថា ព្រលានយន្ដហោះចាស់នេះ គឺត្រៀមទុកជាកន្លែងចុះចត ក្នុងករណីព្រលានយន្ដហោះថ្មី មានបញ្ហាណាមួយ។


បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រលានយន្ដហោះចាស់ នឹងរៀបទៅជាសួនច្បារសាធារណៈ សម្រាប់ពលរដ្ឋលំហែរកាយ ហើយត្រូវបានថែទាំទុកឲ្យល្អ កុំឱ្យប៉ះពាល់ដល់ផ្លូវហោះហើរ។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ដើមឆ្នាំក្រោយ នឹងបើកព្រលានយន្ដហោះចាស់ឱ្យពលរដ្ឋចូលលេងកម្សាន្ដ លំហែរកាយ ខណៈបច្ចុប្បន្នកំពុងរៀបចំដាំដើមឈើ និងបែងចែកឱ្យដាច់កន្លែងណាមិនអនុញ្ញាត។
សម្ដេចធិបតី បានថ្លែងបន្តថា ព្រលានយន្ដហោះចាស់ ជាស្នាព្រះហ័សរបស់ព្រះបរមរតនកោដ្ឋ ដូច្នេះត្រូវថែរក្សាទុកឱ្យបានល្អ ហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំអ្នកដែលនិយាយថា ព្រលានយន្ដហោះចាស់លក់ សូមបញ្ឈប់ការគិត និងនិយាយ ព្រោះសម្ដេចប្រកាសថាហើយ មិនលក់ដាច់ខាត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា ថ្ងៃមុនបញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់ ដែលលួចរត់ឯកសារបន្លំលក់ដីព្រលាន និងបន្លំហត្ថលេខាសម្ដេច និងសម្ដេចតេជោ ហើយគ្មានការរត់ការដោះដូរដីព្រលានចាស់ ជាមួយវិស័យឯកជននោះឡើយ៕
អត្ថបទ៖ ប៊ី