ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី ២២ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ ការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥ (CAMFood & CAMHotel 2025) នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


ពិព័រណ៍នេះ ជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលំដាប់កំពូល ដែលស្ថិតក្នុងវិស័យស្នាក់នៅ វិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងជាវេទិកាជំនួបរវាងអាជីវកម្ម និងអាជីវកម្ម (B2B) ដ៏សំខាន់បំផុតមួយនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ការរៀបចំ “ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាជាពិសេសឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្ត និងកាន់តែធំជាងនេះទៀត ព្រោះព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កាវិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ។
គួរឱ្យដឹងថា ព្រឹត្តិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះ នឹងប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយមានស្តង់ពិព័រណ៍ចូលរួមប្រមាណជាង ៣០០ស្តង់ មកប្រទេសចំនួន៩ រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, អាម៉េរិក, ចិន, សាធារណរដ្ឋ កូរ៉េ, អ៊ីតាលី, ហ្វាំងឡង់ និង សិង្ហបុរី ដោយរំពឹងទុកថា នឹងមានអ្នកទស្សនា ប្រមាណ ១២ ០០០នាក់៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍