អ្នកឧកញ៉ា សំ សុខនឿន «តម្លៃជីវិតរបស់មនុស្សម្នាក់ៗ មិនស្ថិតលើលុយ និងចំណេះដឹង» តែមួយមុខនោះទេ

ក្នុង​សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បាន​រំលេច យ៉ាង​ច្បាស់​ពី​ទស្សនៈ និង​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​មនុស្ស​ម្នាក់​ៗ។ អ្នកឧកញ៉ា​បាន​សង្កត់​ធ្ងន់​ថា តម្លៃ​ជីវិត​មនុស្ស​ម្នាក់​ៗ មិន​ស្ថិត​លើ​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ឬ​ការ​រក​លុយ​បាន​ច្រើន តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ត្រូវ​រួមផ្សំ​នឹង​គុណធម៌ ក្រមសីលធម៌ ភាព​ស្មោះត្រង់ សេចក្ដី​ស្រលាញ់ និង​យក​អាសា​គ្នា​ទៅវិញទៅមក ថែម​ទៀត​ផង។

តាមដានជាមួយយើង៖ Million Times

“លុយ និង​ចំណេះដឹង​គ្រាន់តែ​ជា​ធាតុផ្សំ​មួយ​ប៉ុណ្ណោះ​ក្នុង​ជីវិត ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​តម្លៃ​នោះ គឺ​គុណធម៌ និង​ភាព​ជា​មនុស្ស​ល្អ”។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។ អ្នក​ឧកញ៉ា​លើក​ឡើង​ទៀត​ថា អ្នក​ខ្លះ​មាន​លុយ មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មាន​ចំណេះដឹង​ខ្ពស់ តែ​មិន​បាន​ជួយ​សង្គម មិន​ចេះ​ឱនលំទោន និង​ឲ្យ​តម្លៃ​គ្នា ថែមទាំង​គ្មាន​ក្រម​សីលធម៌​ទៅ​ទៀត។

“ការ​ធ្វើ​អាជីវកម្ម​ត្រូវតែ​មាន​គុណធម៌ និង​ក្រម​សីល​ធម៌​ជា​មូលដ្ឋាន មិន​អាច​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​បាន​ឡើយ”។ នេះ​ជា​ចំណុច​ដែល​អ្នក​ឧកញ៉ា សំ សុខនឿន ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group បាន​បន្ថែម។

អ្នកឧកញ៉ា សំ សុខនឿន ថែមទាំង​ផ្ដល់​ដំបូន្មាន​ដ៏​មាន​តម្លៃ ចំពោះ​យុវជន​ថា ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ត្រូវ​ចេះ​ចាប់​យក​ជំនាញ​ឲ្យ​បាន​ច្បាស់លាស់ បន្ទាប់​មក​ត្រូវ​រក​ការងារ​ធ្វើ ឬ​ប្រកប​អាជីវកម្ម ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ។ តម្លៃ​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​នឹង​កើន​ឡើង​តាម​កម្រិត​នៃ​ចំណេះដឹង ជំនាញ គុណធម៌ និង​ការ​លះបង់​របស់​អ្នក។

ចង់បានខ្លឹមសារ និងអត្ថន័យល្អៗបន្ថែម ដើម្បីបំផុសគំនិត និងអភិវឌ្ឍខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង សូមស្វែងរកទិញសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» តាមបណ្ណាគារ និងហ្វេសបុកអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ទាល់៕

អត្ថបទ៖ ឆដា,រូបភាព៖ ផ្ដល់ឲ្យ