ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា គ្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី ២២ ឬ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ថា រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង។


ទន្ទឹមនិងកំណើននេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឱ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀតនៅក្នុងតំបន់អាស៊ាន។
ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញបានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឱ្យមានកម្មវិធីកំសាន្តយ៉ាងច្រើននៅលើផ្លូវថ្មើរជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើងនឹងអាចដាក់ឱ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជាកាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត។
ជាកិច្ចឆ្លើយតបនឹងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានសម្រេចផ្ដល់ជូនទៅឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឱ្យបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ដោយឯកឧត្ដម ស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖នៅផ្លូវថ្មើរជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឱ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។
ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះស្ថានទូតឥណ្ឌូនេស៊ីផងដែរ ដែលមានគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខនេះ ដែលនេះជាការលើកទឹកចិត្ត ជាការផ្ដល់កម្លាំងចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខនេះ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
នាឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់កម្ពុជានិងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពានព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃនៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានជួយកាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជានិងទាហានថៃ។ ឯកឧត្ដមអភិបាល ក៏សូមអរគុណផងដែរចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយ កម្ពុជាកន្លងមក។ ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕
អត្ថបទ៖ ប៊ី