លោក Lee Hwan Ju៖ បរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា បានបង្កើនទំនុកចិត្តដល់ភាគហ៊ុនិក និងពង្រឹងការវិនិយោគថែមទៀត

លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានប្រសាសន៍ថា បរិយាកាសវិនិយោគអំណោយផលរបស់ប្រទេសកម្ពុជា បានបង្កើនទំនុកចិត្តដល់ភាគហ៊ុនិករបស់ធនាគារ និងជំរុញឱ្យក្រុមហ៊ុនសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត។

លោក Lee មានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោក Lee បានជម្រាបជូនពីការតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជាដើម្បីបញ្ចៀសការយល់ច្រឡំនានា។

លោកបានសង្កត់ធ្ងន់ថា ៖«កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ»។

តាមដានជាមួយយើង៖ Million Times

លោកក៏បានមានប្រសាសន៍ពីការតាំងចិត្តក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀតអំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

លើសពីនេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ពីការរៀបចំបានយ៉ាងល្អនៃដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងបានលើកសសើរអំពីដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាពប្រតិបត្តិការរបស់ធនាគារខេប៊ី ប្រាសាក់ ម.ក ដើម្បីសិក្សាពីសក្តានុពលក្នុងការពង្រីកផលិតផលសេវាហិរញ្ញវត្ថុបន្ថែម។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។

លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។

គួរបញ្ជាក់ផងដែរថា ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ​ ២០២៣ ​តទៅ​។ ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ ៥.៦៤ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ៣.៥៣ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ ៥.១៨ ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ ១៨៨ ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ ១០ ០០០ ​នាក់​៕

អត្ថបទ៖ ប៊ី, រូបភាព៖ ធនាគារជាតិនៃកម្ពុជា