អ្នកជំនាញអចលនវត្ថុ អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន លើកឡើងពីក្បួនវិនិយោគដីធ្លីមាន​ប្រសិទ្ធភាព

វិស័យ​អចលនទ្រព្យ​ដី​ធ្លី បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នា​ពេល​កន្លង​មក ហើយ​ក្នុង​នោះ​វិនិយោគិន​មាន​ទាំង​ខ្មែរ និង​បរទេស។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​អចលនវត្ថុ អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន នៅ​លើ​បណ្ដាញ​សង្គម។

តាមដានជាមួយយើង៖ Million Times

ជា​រឿយៗ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន តែងតែ​ចែករំលែក​ពី​ការ​ទិញ​លក់​ដីធ្លី ដើម្បី​ចំណេញ​ប្រាក់​កម្រៃ​ខ្លះ។ ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​អ្នក​វិនិយោគ​ដី​ធ្លី​យ៉ាង​ច្រើន មិនថា​អ្នក​វិនិយោគ​ខ្មែរ ឬ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​នោះ​ទេ បាន​ក្លាយ​ជា​អ្នកមាន​ធូរធារ តាមរយៈ​ដីធ្លី​នេះ​ឯង។

លោក​បាន​បន្ថែម​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ខ្លះ​ផុង​ខ្លួន​ខាតបង់ ជាប់​គាំង ដោយសារ​តែ​ដីធ្លី​នោះ​ដែរ នោះ​ដោយសារ​ការ​វិនិយោគ ឬ​ទិញ​តាម​គ្នា ទិញ​ដោយ​គ្មាន​ជំនាញ ជា​ពិសេស ទិញ​ដី​មិន​បាន​ដី ឬ​មិនទាន់​បាន​ដី ទិញ​ផ្ទះ​មិន​បាន​ផ្ទះ ឬ​មិន​ទាន់​បាន​ផ្ទះ ដាក់​លុយ​វិនិយោគ​យក​ការ​ប្រាក់​ខ្ពស់​ដែល​ជា​រូបភាព​បន្លំ​ជា​ការ​វិនិយោគ​ដីធ្លី​-ល-។

ការ​វិនិយោគ​ដីធ្លី​ជា​ការ​វិនិយោគ​រយៈពេល​វែង ដោយ​មិន​អាច​ត្រឹម​រយៈពេល ២ ឬ ៣ឆ្នាំ ក្លាយ​ជា​អ្នកមាន​ដោយសារ​ដីធ្លី​បាន​នោះ​​ទេ។ ក្បួន​មួយ​ក្នុង​ចំណោម​ក្បួន​ជាច្រើន​ដែល​គេ​តែង​ប្រើ ហើយ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​មាន​ចំណូល​នឹង​ធឹង​ពី​ជំនួញ ឬ​ការងារ​របស់​អ្នក ហើយ​លុយ​សល់​ពី​ផល​ចំណេញ ចាំ​យក​ទៅ​វិនិយោគ ឬ​ទិញ​ទុក​រយៈពេល​វែង និង​ដីធ្លី​ដែល​គួរ​ទិញ គឺ​គួរ​ទិញ​នៅ​ក្រុង​ភ្នំពេញ ឬ​ទិញ​នៅ​ជាយក្រុង​ភ្នំពេញ។ នៅ​កម្ពុជា​ក្បួន​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ អ្នក​ធ្វើការ​រាជការ និង​អ្នក​ជំនួញ​ធំ​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ