មន្ត្រី ក.ប.ប សាខា​ខេត្ត​បាត់ដំបង ចុះ​ពិនិត្យទុរេននៅផ្សារភូពុយ ក្រោយលេចឮព័ត៌មានថា នាំចូលពីប្រទេសថៃ

នៅព្រឹកថ្ងៃ ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពី​លេច​ឮ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​​​ថា មាន​អាជីវករ​លួច​នាំ​ចូល​ផ្លែ​ទុរេន​ពី​ប្រទេស​ថៃ​មក​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ភូពុយ ខេត្ត​បាត់ដំបង មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និង​កិច្ច​ការ​ប្រកួត​ប្រជែង ខេត្ត​បាត់ដំបង បាន​ចុះ​ពិនិត្យ​ទី​តាំង​លក់​ផ្លែឈើ ៩ ទីតាំង។

តាមដានជាមួយយើង៖ Million Times


ជា​លទ្ធផល ក្រោយពី​ការ​ចុះ​ពិនិត្យ និង​សួរនាំ មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា​មិន​មាន​ករណី​នាំ​ទុរេន ពី​ប្រទេស​ថៃ​ចូល​មក​លក់​នោះ​ឡើយ ដោយ​ទុរេន​ទាំងនោះ​នាំ​មក​ពី​ខេត្ត​កំពង់ចាម និង​តំបន់​មួយ​ចំនួន​ក្នុង​ស្រុក​នោះ​ទេ ។

មួយ​រយៈ​មក​នេះ មាន​ឃើញ​ការ​លក់​ផ្លែ​ទុរេន​ជាច្រើន​ដោយ​មហាជន​សង្ស័យ​ថា អាជីវករ​បាន​នាំ​ចូល​មកពី​ប្រទេស​ថៃ ខណៈ​ផ្លែ​ទុរេន​នៅ​ទី​នោះ​ជន់ជោរ ដោយសារ​មិន​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បាន​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ (សាំង, ម៉ាស៊ូត, ប្រេង​ខ្មៅ, សាំង​យន្តហោះ) និង ឧស្ម័ន​រាវ​សម្រាប់​ដុត។ ការ​ហាមឃាត់នេះមិនមែនជាការបិទទាំងស្រុងទេ គឺ​សំដៅ​លើ​ការ​ទប់ស្កាត់​ការ​នាំចូល​តាម​ច្រក​ព្រំដែន​គោក​កម្ពុជា-ថៃ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​ចុះថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ ២០២៥ របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​បន្ថែម​ទៅ​កាន់​អាជីវករ/ពាណិជ្ជករ ធុរជន៕

អត្ថបទ៖ ឆដា, រូបភាព៖ រូបភាពពីអគ្គនាយកដ្ឋាន ក.ប.ប