រដ្ឋាភិបាលកម្ពុជា សម្រេចលុបកម្រៃស្កេនកុងតឺន័រ ចាប់ពីខែឧសភានេះ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​បញ្ជាក់​ថា ការ​លុប​បំផុត​កម្រៃ​ស្កេន​កុងតឺន័រ ដើម្បី​ជួយ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​​ការ​កាត់​បន្ថយ​បន្ទុក​ថ្លៃ​ដឹក​ជញ្ជូន (ឡូជីស្ទីក)។

តាមដានជាមួយយើង៖ Million Times

លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សិក្ខាសាលា ស្ដីពី ការ​ផ្សព្វផ្សាយ​វិធានការ​មុត​ស្រួច ក្នុង​ការ​បង្ការ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ និង​ការ​ពង្រឹង​អភិបាលកិច្ច នៅ​អគ្គ​នាយកដ្ឋាន​គយ កាលពី​ព្រឹក​ថ្ងៃ ២៨ ខែ​មេសា ឆ្នាំ ២០២៩ ដែលការណ៍នេះធ្វើឡើងក្នុងគោលដៅ ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ ក្នុង​វិស័យ​ដឹកជញ្ជូន ក៏​ដូច​ជា​ថ្លៃដើម​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​បន្ថែម​ថា រាជរដ្ឋាភិបាល សម្រេច​អនុវត្ត​ចាប់ពី​ថ្ងៃ ១ ខែ​ឧសភា ឆ្នាំ ២០២៦ នេះ​តទៅ ក្នុង​ការ​លុប​បំបាត់​កម្រៃ​ស្កេន​កុងតឺន័រ​ទាំង​ស្រុង​តែម្ដង។ នេះ​ជា​ផ្នែក​មួយ នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​បន្ទុក​ថ្លៃ​ភស្តុភារ​កម្ម។

ដើម្បី​សម្រាល​បន្ទុក​របស់​ធុរជន និង​ប្រជាពលរដ្ឋ ក្នុង​ស្ថាន​ការណ៍​កើន​ឡើង​ខ្ពស់ នៃ​តម្លៃ​ប្រេង​ឥន្ធនៈ​ជា​សកល។ ក្នុង​នោះ​ក៏​មាន​ការ​កែសម្រួល​អត្រា​ពន្ធ និង​អាករ ដែល​អនុវត្ត​ចាប់ពី​ថ្ងៃ ១ ខែ​មេសា ឆ្នាំ ២០២៦ មក។ វិធានការ​នេះ​ផ្ដោត​សំខាន់​ចំពោះ​ការ​បញ្ចុះ​ពន្ធ​គយ​លើ​យានយន្ត​អគ្គិសនី, អាគុយ, បរិក្ខារ​សូឡា, និង​ចង្ក្រាន​អគ្គិសនី ដែល​ជា​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នា​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏​សម្រេច​បន្ធូរ​បន្ថយ​បន្ទុក​ពន្ធ និង​អាករ​នាំចូល​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ ដើម្បី​ជួយ​បញ្ចុះ​តម្លៃ និង​ធានា​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​អះអាង​ថា​ការ​ដាក់​ចេញ​វិធាន​មុត​ស្រួច​ទាំង​នេះ ធ្វើឡើង​ក្នុង​គោលដៅ​កែលំអ និង​បង្ក​ជា​បរិយាកាស​ស្មើភាព​គ្នា​ក្នុង​ការ​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម នៅ​កម្ពុជា គឺ​បង្ការ និង​បង្ក្រាប​អំពើ​រត់​គេច​ពន្ធ និង​ការ​ពង្រឹង​អភិបាលកិច្ច របស់​អគ្គនាយកដ្ឋាន​គយ ដែល​មាន​លក្ខណៈ​ម៉ឺងម៉ាត់ និង​ប្រាកដ​និយម ជា​ផ្នែកមួយ​នៃ​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលឆ្នាំ ២០២៥ គយ​ប្រមូល​ចំណូល​ចូល​ជាតិ​បាន ៣ ១៨១ លាន​ដុល្លារ គឺ​លើស​ផែនការ​ដល់ ២១ ភាគរយ កំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

អត្ថបទ៖ ឆដា, រូបភាព៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង STPM