ថ្ងៃនេះកងទ័ពថៃផ្ទុះអាវុធ ៥ លើក ខណៈក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍នៅច្រកអូរស្មាច់

នៅ​ថ្ងៃ​ពុធ ទី ២៩ ខែ​មេសា ឆ្នាំ ២០២៦ នេះ​មាន​ករណី​ផ្ទុះ​អាវុធ​បង្កឡើង​ដោយ​កម្លាំង​យោធា​ថៃ​ចំនួន ៥ លើក ក្នុង​អំឡុង​ពេលក្រុម​អនុព័ន្ធយោធាបរទេស​កំពុង​សង្កេតការណ៍ និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ ២៩ ខែ​មេសា វេលា​ម៉ោង ១០៖ ២០ នាទី​ព្រឹក ក្រសួង​ការពារជាតិ​កម្ពុជា បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ប្រចាំ ឆ្នាំ ២០២៦ របស់​ក្រុម​អនុព័ន្ធ​យោធា​បរទេស (MACPP) ប្រចាំ​កម្ពុជា ចុះ​សង្កេត​ការណ៍​នៅ​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ ក្រោយ​បទ​ឈប់​បាញ់ចូលជាធរមាន។

មុន​ការ​ចេញ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អនុព័ន្ធ​យោធា​បរទេស (MACPP) ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) នៃ​យោធភូមិភាគទី៤ កម្ពុជា បាន​ចេញ​លិខិត​ជូន​ដំណឹង​ជា​ផ្លូវការ​ជូន​ទៅ​កាន់​ក្រុម​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួច​រាល់​ហើយ។

សកម្មភាព​នៃ​ការ​ចុះ​សង្កេតការណ៍​របស់​ប្រទេស​សមាជិក​ក្រុម​អនុព័ន្ធ​យោធា​បរទេស (MACPP) ប្រចាំ​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​សន្តិសុខ និង​សន្តិភាព មិន​ត្រឹម​តែ​រវាង​ប្រទេស​ទាំង ២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​តំបន់ និង​ពិភពលោក​ទាំងមូល​ផង​ដែរ។

គួរឲ្យ​សោកស្ដាយ​បំផុត ក្នុង​អំឡុង​ពេល​កំពុង​សង្កេតការណ៍ និង​ត្រួត​ពិនិត្យ​នៅ​ទីតាំង​ជាក់ស្ដែង ក៏​មាន​ករណី​ផ្ទុះ​អាវុធ​បង្កឡើង​ដោយ​កម្លាំង​យោធា​ថៃ ៥ លើក ចន្លោះ​ពី​ម៉ោង ១០៖ ៣៥ នាទីព្រឹក ដល់​ម៉ោង ១១៖០៩នាទី ដោយ​បាន​បាញ់​កាំភ្លើង​ប្រភេទ M79 និង​ប្រភេទ M16 សរុប ៩គ្រាប់។

ជាមួយ​គ្នា​នេះ កងកម្លាំង​របស់​កម្ពុជា បាន​នឹង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់ និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​លើក​កម្ពស់​សន្តិភាព សន្តិសុខ និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្ដោយ​ព្រំដែន៕

អត្ថបទ៖ ឆដា, រូបភាព៖ក្រសួងការពារជាតិ