អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន និងលោកជំទាវ សូ រមនា បានបរិច្ចាគថវិកា ២ ៥០០ ដុល្លារជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា តែងតែចូលរួមក្នុងការងារមនុស្សធម៌។ ក្នុងនាមជាអ្នកជំនួញម្នាក់ អ្នកឧកញ៉ាវ័យក្មេង និងជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KH Haitech រូបនេះធ្លាប់បានលើកឡើងថា ការចូលរួមក្នុងការងារមនុស្សធម៌ និងការងារសង្គម ជារឿងចាំបាច់ដែលត្រូវតែធ្វើ។
កន្លងមកបើទោះជាមានភាពមមាញឹកក្នុងមុខជំនួញយ៉ាងណា អ្នកឧកញ៉ាដែលមានប្រភពមកពីក្រូចឆ្មាររូបនេះ មិនដែលខកខានឡើយក្នុងការបរិច្ចាគថវិកា ដើម្បីជួយដល់អង្គការ និងស្ថាប័នជាច្រើន។

កាកបាទក្រហមកម្ពុជា បានអំពាវនាវចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។
ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ៕
អត្ថបទ៖ ឆដា, រូបភាព៖ Dr. Sam Soknoeun



