សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកា ១ ៥៥៥ ៥៥៥ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឧកញ៉ា គិត ស៊ូឡា អគ្គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Royal Group International Company និង​ត្រូវ​ជា​កូន​ប្រុស​អ្នកឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ម្ចាស់ក្រុមហ៊ុន Royal Group ដែល​បាន​ឧបត្ថម្ភ​ថវិកា ១ ៥៥៥ ៥៥៥ដុល្លារ ជូន​កាកបាទ​ក្រហម​កម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវា​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ក្រោម​មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

តាមដានជាមួយយើង៖ Million Times

កាកបាទ​ក្រហម​កម្ពុជា បាន​អំពាវនាវ​ចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន សូម​មេត្តា​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា សម្ភារ ជូន​កាក​បាទ​ក្រហម​កម្ពុជា ដោយ​សទ្ធា​ជ្រះថ្លា និង​តាម​ការ​ស្ម័គ្រចិត្ត។

ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ការងារ​មនុស្ស​ធម៌​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា គឺ​ពិតជា​មាន​គុណ​តម្លៃ​ណាស់​ក្នុង​ការ​លើកកម្ពស់​ស្មារតី​វប្បធម៌​នៃ​ការ​ចែករំលែក ដែល​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​សប្បុរសជន​ជាមួយ​អ្នក​ទទួល​ផល។

កាកបាទ​ក្រហម​កម្ពុជា នឹង​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ជាពិសេស​ប្រជាជន​ភៀស​សឹក និង​គ្រួសារ​យុទ្ធជន​របួស និង​ពលី​ក្នុង​សមរភូមិ៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត