និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់ ខណៈបច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូន។
ឯកឧត្តម បានឱ្យដឹថា នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។
តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។
ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿង៖ – ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង – ត្រីចក្រយានយន្ត = ៧២២គ្រឿង និង– រថយន្ត = ១១ ៦៥៦ គ្រឿង។

ឯកឧត្តម ផន រឹម បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ មក ការចុះបញ្ជីយានយន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលការកើនឡើងនេះស្របទៅនឹងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីនៅលើពិភពលោក និងតំបន់ផងដែរ។
បច្ចុប្បន្នការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១ គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់និងសកលលោក។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០។ គោលនយោបាយនេះ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយមានការកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ និងគោលការណ៍ ច្បាស់លាស់ ព្រមទាំងដាក់ចេញនូវវិធានការមុតស្រួចដែលមានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងភាពគ្រប់ជ្រុងជ្រោយ ដោយកំណត់យន្តការ និងក្រសួង ស្ថាប័នអនុវត្តច្បាស់លាស់ក្នុងក្របខ័ណ្ឌ ពេលវេលាជាក់លាក់៕
អត្ថបទ៖ ប៊ី



