រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្លូវដែក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ និងលទ្ធផលនៃការស្រាវជ្រាវផែនការបណ្តាញផ្លូវដែកនៅកម្ពុជា ដែលធ្វើឡើងដោយ ក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation – CRDC)។

ក្រសួងសាធារណការ បានបញ្ជក់ថា ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា គឺជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមដានជាមួយយើង៖ Million Times

គួរបញ្ជាក់ផងដែរថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានបញ្ជាក់ថា ៖«ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគ ខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូន ផ្លូវដែកសរុបមានចំនួន ៨ គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០ លានដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤ គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤ គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក»។

គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើនស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោង លើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សាដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។

ដោយឡែក គម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្ត សៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro៕

អត្ថបទ៖ ប៊ី