លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានប្រសាសន៍ថា បរិយាកាសវិនិយោគអំណោយផលរបស់ប្រទេសកម្ពុជា បានបង្កើនទំនុកចិត្តដល់ភាគហ៊ុនិករបស់ធនាគារ និងជំរុញឱ្យក្រុមហ៊ុនសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត។
លោក Lee មានប្រសាសន៍លើកឡើងដូច្នេះ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោក Lee បានជម្រាបជូនពីការតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជាដើម្បីបញ្ចៀសការយល់ច្រឡំនានា។
លោកបានសង្កត់ធ្ងន់ថា ៖«កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ»។


លោកក៏បានមានប្រសាសន៍ពីការតាំងចិត្តក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀតអំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។
លើសពីនេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ពីការរៀបចំបានយ៉ាងល្អនៃដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងបានលើកសសើរអំពីដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាពប្រតិបត្តិការរបស់ធនាគារខេប៊ី ប្រាសាក់ ម.ក ដើម្បីសិក្សាពីសក្តានុពលក្នុងការពង្រីកផលិតផលសេវាហិរញ្ញវត្ថុបន្ថែម។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។
លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។
គួរបញ្ជាក់ផងដែរថា ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ គឺជាធនាគារពាណិជ្ជថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិ នៃ កម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ ២០២៣ តទៅ។ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន ៥.៦៤ ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ ៣.៥៣ ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន ៥.១៨ ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន ១៨៨ និងបុគ្គលិកមានចំនួនច្រើនជាង ១០ ០០០ នាក់៕
អត្ថបទ៖ ប៊ី, រូបភាព៖ ធនាគារជាតិនៃកម្ពុជា