ក្នុងសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បានរំលេច យ៉ាងច្បាស់ពីទស្សនៈ និងមូលដ្ឋានគ្រឹះនៃជីវិតមនុស្សម្នាក់ៗ។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា តម្លៃជីវិតមនុស្សម្នាក់ៗ មិនស្ថិតលើចំណេះដឹងខ្ពង់ខ្ពស់ ឬការរកលុយបានច្រើន តែមួយមុខនោះទេ ប៉ុន្តែត្រូវរួមផ្សំនឹងគុណធម៌ ក្រមសីលធម៌ ភាពស្មោះត្រង់ សេចក្ដីស្រលាញ់ និងយកអាសាគ្នាទៅវិញទៅមក ថែមទៀតផង។


“លុយ និងចំណេះដឹងគ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះក្នុងជីវិត ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សម្នាក់មានតម្លៃនោះ គឺគុណធម៌ និងភាពជាមនុស្សល្អ”។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។ អ្នកឧកញ៉ាលើកឡើងទៀតថា អ្នកខ្លះមានលុយ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានចំណេះដឹងខ្ពស់ តែមិនបានជួយសង្គម មិនចេះឱនលំទោន និងឲ្យតម្លៃគ្នា ថែមទាំងគ្មានក្រមសីលធម៌ទៅទៀត។

“ការធ្វើអាជីវកម្មត្រូវតែមានគុណធម៌ និងក្រមសីលធម៌ជាមូលដ្ឋាន មិនអាចឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយបានឡើយ”។ នេះជាចំណុចដែលអ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបន្ថែម។

អ្នកឧកញ៉ា សំ សុខនឿន ថែមទាំងផ្ដល់ដំបូន្មានដ៏មានតម្លៃ ចំពោះយុវជនថា ត្រូវប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវចេះចាប់យកជំនាញឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវរកការងារធ្វើ ឬប្រកបអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូល សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ តម្លៃជីវិតរបស់មនុស្សម្នាក់ៗនឹងកើនឡើងតាមកម្រិតនៃចំណេះដឹង ជំនាញ គុណធម៌ និងការលះបង់របស់អ្នក។

ចង់បានខ្លឹមសារ និងអត្ថន័យល្អៗបន្ថែម ដើម្បីបំផុសគំនិត និងអភិវឌ្ឍខ្លួនអ្នកឲ្យកាន់តែប្រសើរឡើង សូមស្វែងរកទិញសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» តាមបណ្ណាគារ និងហ្វេសបុកអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ទាល់៕



អត្ថបទ៖ ឆដា,រូបភាព៖ ផ្ដល់ឲ្យ