ក្រុមហ៊ុន​មកពីអេស្ប៉ាញ​ ចាប់អារម្មណ៍បង្កើតរោងចក្រផលិតទុយោទឹកនៅកម្ពុជា

ក្រុមហ៊ុនមកពីប្រទេស​អេស្ប៉ាញ​ ចាប់អារម្មណ៍បង្កើតរោងចក្រផលិតទុយោទឹកនៅកម្ពុជា ខណៈក្រុមហ៊ុននេះ មានឯកទេសផលិតទុយោ និងតំណទឹកសម្រាប់ទីផ្សារជាង ៣០ ប្រទេសនៅលើពិភពលោក។

តាមដានជាមួយយើង៖ Million Times

ការបង្ហាញចំណាប់អារម្មណ៍នេះ គឺនៅក្នុងជំនួបរវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូក្រុមហ៊ុន Molecor ដឹកនាំដោយលោក Walter Philip Pattynama នាយកប្រតិបត្តិរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៦ ខែកុម្ភៈ

ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន Molecor បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រនៅកម្ពុជា និងនាំយក​ដំណោះ​ស្រាយ​ផលិតផលទុយោ ដែលប្រើបច្ចេក​វិទ្យាកម្រិតខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិករទឹកស្អាត លើក​កម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ និងកាត់បន្ថយការលេចធ្លាយទឹក។

ឯកឧត្ដម ហែម វណ្ណឌី មានប្រសាសន៍ថា កម្ពុជាស្វាគមន៍ក្រុមហ៊ុនដែលនាំយកនូវនវានុវត្តន៍ និងដំណោះស្រាយរយៈពេលវែង រួមទាំងបច្ចេកវិទ្យា ផលិតផលគុណភាពខ្ពស់ និងការអនុវត្តប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។

ក្នុងនោះដែរ​ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន Molecor ពិចារណាដំណោះស្រាយហិរញ្ញប្បទាន ដើម្បីគាំទ្រប្រតិបត្តិករ ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ចំណែកលោក Pattynama បានបង្ហាញអំពីក្រុមហ៊ុន Molecor ដែលកំពុងពង្រីកវត្តមាននៅក្នុងតំបន់​​អាស៊ី អាគ្នេយ៍ និងសំឡឹងឃើញកម្ពុជា ជាទីផ្សារសក្តានុពល ជាពិសេសខណៈដែលកម្ពុជាកំពុងផ្លាស់ប្ដូរឆ្ពោះទៅការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធទឹកស្អាតដែលកាន់តែមានគុណភាពខ្ពស់។

លោក Pattynama បានឱ្យដឹងថា Molecor ជាក្រុមហ៊ុនផលិតទុយោដែលប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺដើម្បីនាំយកទឹកស្អាតដែលមានតម្លៃសមរម្យ និងមានសុវត្ថិភាព​ជូន​ដល់​ប្រជាជន។

លោក ក៏បានបង្ហាញពីបច្ចេកវិទ្យាផលិតទុយោ PVC-O ដែលជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Molecor និងការផ្តោតលើប្រសិទ្ធភាពចំណាយសម្រាប់រយៈពេលវែង តាមរយៈភាពធន់របស់ទុយោ ភាពងាយស្រួលក្នុងការដំឡើង និងប្រសិទ្ធភាពបញ្ជូនទឹក (Hydraulic performance) កាន់តែខ្ពស់នៃទុយោ PVC-O៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម